(ការ៉ាកាស់)៖ អង្គការសហប្រជាជាតិ (UN) នាថ្ងៃចន្ទសប្តាហ៍នេះបានប្រកាសផ្តល់ជំនួយផ្នែកសុខាភិបាល និងអាហារូបត្ថម្ភដែលមានទំហំទឹកប្រាក់ ៩.២លានដុល្លារ សម្រាប់ប្រទេសវេណេស៊ុយអេឡា ដែលប្រជាជនកំពុងជួបប្រទះភាពអត់ឃ្លានព្រមទាំងជំងឺឈឺថ្កាត់ផ្សេងៗ នៅចំពោះមុខការដួលរលំនៃប្រព័ន្ធសេដ្ឋកិច្ចបែបសង្គមនិយម នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជំនួយខាងលើគឺជាការផ្តល់មូលនិធិសង្រ្គោះបន្ទាន់ លើកដំបូងបំផុតរបស់ UN សម្រាប់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាអ្នកទម្លាក់កំហុសនៃបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសរបស់លោក ទៅលើការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ព្រមទាំងអ្វីដែលលោក ម៉ាឌូរ៉ូ ហៅថាជា «សង្រ្គាមសេដ្ឋកិច្ច» ដែលបង្កឡើងដោយគូប្រជែងផ្នែកនយោបាយ។
ក្រុមអ្នករិះគន់រដ្ឋាភិបាល បានសាទរការសម្រេចចិត្តរបស់ UN ជាការទទួលស្គាល់មួយ របស់រដ្ឋាភិបាលវេណេស៊ុយអេឡាថា ប្រទេសនេះពិតជាកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរប្រាកដមែន ខណៈដែលកន្លងមក លោក ម៉ាឌូរ៉ូ តែងតែបានប្រកែក ហើយវាគឺជាជំហានមួយឆ្ពោះទៅរកការគិតគូរអំពីប្រជាជនវេណេស៊ុយអេឡា ដែលមិនទទួលបានផ្តល់សេវាមូលដ្ឋាននានាផងដែរ។ យ៉ាងណាមិញ អ្នកខ្លះទៀតនៅតែមានក្តីព្រួយបារម្ភថា ជំនួយនេះអាចនឹងបម្រើអំពើពុករលួយនៅក្នុងរដ្ឋាភិបាលវេណេស៊ុយអេឡាទៅវិញទេ។
គួរជម្រាបថា រហូតមកទល់ពេលនេះ ជំនួយពាក់ព័ន្ធនឹងវិបត្តិវេណេស៊ុយអេឡា គឺបានផ្តោតទៅលើប្រទេសនៅតំបន់អាមេរិកខាងត្បូង ដែលបានទទួលឲ្យជ្រកកោនជនភៀសខ្លួនប្រមាណជាង ៣លាននាក់ ដែលបានចាកចេញពីប្រទេសវេណេស៊ុយអេឡាចាប់តាំងពីឆ្នាំ២០១៥ មក៕