(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងដកខ្លួនចេញពីសហភាពអឺរ៉ុប (Brexit) ដែលស្នើឡើងដោយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May អាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយនៅទីធ្លានៃសេតវិមាននាថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀង Brexit ដែលរដ្ឋបាលលោកស្រី May បានស្នើឡើង គឺស្តាប់ទៅដូចជាល្អគួរសមសម្រាប់សហភាពអឺរ៉ុប តែផ្ទុយទៅវិញ វិស័យពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយសហរដ្ឋអាមេរិក អាចរងគ្រោះដោយសារលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
លោក ត្រាំ និយាយដូច្នេះថា «យើងត្រូវក្រឡេកមើលឲ្យច្បាស់ថាតើអង់គ្លេស អាចឬមិនអាចធ្វើពាណិជ្ជកម្ម ពីព្រោះថាឥឡូវនេះ បើយើងមើលទៅលើកិច្ចព្រមព្រៀង គឺទីក្រុងឡុងដ៍ប្រហែលពុំអាចធ្វើពាណិជ្ជកម្មជាមួយយើងឡើយ ហើយវានឹងពុំមែនជារឿង ល្អឡើយ ទន្ទឹមនឹងនេះខ្ញុំក៏គិតថាវាពុំមែនជាអ្វីដែលអង់គ្លេសចង់បានដែរ»។ លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមថា លោកស្រី May នឹងអាចធ្វើអ្វីយ៉ាងជុំវិញបញ្ហានេះ ប៉ុន្តែលោកពុំបានសង្កត់ធ្ងន់លើចំណុចលម្អិតណាមួយនៃកិច្ចព្រមព្រៀងដែលធ្វើឲ្យរូបលោក ខ្វល់ខ្វាយនោះទេ។
ជុំវិញក្តីព្រួយបារម្ភវិញ ការិយាល័យលោកស្រី May បានធ្វើការឆ្លើយតបភ្លាមៗថា កិច្ចព្រមព្រៀងរបស់អង់គ្លេស ក្នុងការដើរចេញពីសហភាពអឺរ៉ុប នឹងអនុញ្ញាតឲ្យទីក្រុងឡុងដ៍ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបាន។
គួរជម្រាបថា នៅក្រោមកិច្ចព្រមព្រៀងដែលចរចាបានជាមួយមេដឹកនាំសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យកន្លងទៅ ចក្រភព អង់គ្លេស នឹងដើរចេញពីប្លុកនេះនៅខែមីនា ឆ្នាំក្រោយ ដោយនៅតែបន្តមានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធដដែល។ ប៉ុន្តែបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ ត្រូវឆ្លងកាត់ការឯកភាពនៅក្នុងសភាអង់គ្លេស ជាទីដែលលោកស្រី May ប្រឈមនឹងការជំទាស់ជាខ្លាំង ទាំងពីសំណាក់មន្រ្តីបក្សនិងអ្នកគាំទ្រ Brexit ផ្ទាល់៕