(អង់ការ៉ា)៖ គេហទំព័រ Stockholmcf បានរាយការណ៍នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកានេះថាប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ មានបំណងធ្វើឱ្យប្រទេសតួកគីក្លាយទៅជាមេដឹកនាំប្រជាជាតិអ៉ីស្លាមនៅលើពិភពលោក។
យោងតាម Stockholmcf គំនិតប្រមូលផ្ដុំការបង្រួបបង្រួមបណ្ដាប្រទេសអ្នកកាន់សាសនាអ៉ីស្លាម ត្រូវបានធ្វើឡើងដោយមន្ត្រី ទីប្រឹក្សាជាន់ខ្ពស់របស់លោក អឺដូហ្កាន់ ដែលបានបញ្ចុះបញ្ចូលតំណាងប្រជាជាតិអ៉ីស្លាមជាច្រើន ក្នុងអំឡុងពិធីជួបជុំនៅទីក្រុង អ៉ីស្ដង់ប៊ូលនាពេលថ្មីៗនេះ។ បន្ថែមពីលើនេះ គេហទំព័រនេះដដែលបានឱ្យដឹងទៀតថាគំនិតប្រមូលផ្ដុំអ៉ីស្លាមតែមួយ នឹងត្រូវដឹកនាំដោយប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ នៅដើមឆ្នាំ២០២៣។
សូមជម្រាបថា បើតាម Stockholmcf ទីប្រឹក្សាជាន់ខ្ពស់ជាច្រើនរបស់លោក អឺឌូហ្កាន់ មានបំណងរៀបចំសន្និសីទ ឬការជួបជុំ នៃអ្នកតំណាងមកពីប្រទេសអ្នកកាន់សាសនាអ៉ីស្លាមជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ជាឆ្នាំដែលតួកគីនឹងប្រារព្ធខួបលើកទី ១០០ឆ្នាំនៃការបង្កើតសាធាណរដ្ឋតួកគី។ ការជ្រើសយកកាលបរិច្ឆេកនេះទៀតសោត ទំនងជាលោកអឺដូហ្កាន់ ចង់ប្រើវាដើម្បី បង្កើតគំនិតមួយត្រឡប់ទៅរកភាពខ្លាំងក្លានៃអាណាចក្រអូតូម៉ង់៕