(សេអ៊ូល)៖ ជាលើកដំបូងបំផុត កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងគ្នាចាប់ផ្តើមការត្រួតពិនិត្យបណ្តាញផ្លូវដែករួមគ្នា ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ តទៅ ក្រោមគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចចុះសង្កេតការរួមគ្នានេះនឹងប្រព្រឹត្តទៅរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទីសុក្រសប្តាហ៍នេះ ទៅលើបណ្តាញផ្លូវដែកចំនួនពីរខ្សែ ដែលរត់ឆ្លងកាត់ព្រំដែនអន្តរកូរ៉េ តាមបណ្តោយតំបន់ភាគខាងកើតដល់ភាគខាងលិចនៃឧបទ្វីបកូរ៉េ។ ការចុះត្រួតពិនិត្យលើផ្លូវដែកដែលរត់កាត់ព្រំដែនប្រទេសទាំងពីរបែបនេះ នឹងក្លាយជាព្រឹត្តិការណ៍លើកទីមួយ គិតចាប់តាំងពីឧបទ្វីបកូរ៉េត្រូវបានបែកខ្ញែកជាពីរ។
គួរជម្រាបថា កិច្ចការខាងលើនេះ គឺជាផែ្នកមួយនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ កាលពីខែមេសាកន្លងទៅក្នុងការធ្វើទំនើបកម្ម និងឈានដល់ការតភ្ជាប់បណ្តាញផ្លូវដែកឆ្លងប្រទេសទាំងពីរឡើងវិញទាំងស្រុង ដោយវាគឺជាគម្រោងសំខាន់មួយ សំដៅជួយជ្រោមជ្រែងកិច្ចខិតខំផ្សះផ្សាតំបន់ឧបទ្វីបកូរ៉េ៕