(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀន ពូទីន បានលើកឡើងថា ហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនៅឯច្រកសមុទ្រ Kerch នាពេលថ្មីៗនេះ គឺជាឆាកល្ខោនដែលរៀបចំឡើង ក្រោមគោលបំណងធ្វើយ៉ាងណាឲ្យមានលេស ដើម្បីអាចប្រើច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ពូទីន បាននិយាយយ៉ាងដូច្នេះថា «មានសញ្ញាយ៉ាងជាក់ច្បាស់ថា វាគឺជាការបង្កហេតុដែលមានការរៀបចំទុកជាមុន សម្រាប់យកលេសដើម្បីដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែន»។ បើតាមលោកប្រធានាធិបតីរុស្ស៉ី លោក Petro Poroshenko ដែលជាប្រធានាធិបតីអ៊ុយក្រែន កំពុងព្យាយាមបង្កឧបសគ្គសម្រាប់គូប្រជែងរបស់ខ្លួន ដោយសាររូបលោកមានកម្រិតប្រជាប្រិយភាពទាបខ្លាំង នៅមុនការបោះឆ្នោតដែលរំកិលជិតមកដល់។
លោក ពូទីន បានកត់សម្គាល់ថា ស្ថានការណ៍នៅច្រកសមុទ្រ Kerch គឺជាឧប្បត្តិហេតុតូចតាចមួយនៅព្រំដែនប៉ុណ្ណោះ ជាពិសេសនៅពេលធៀបទៅនឹងបញ្ហាជម្លោះនៅភាគខាងកើតអ៊ុយក្រែន ឬក៏បញ្ហាតំបន់គ្រីមៀកាលពីឆ្នាំ២០១៤ជាដើម ដែលពុំមានការដាក់ចេញនូវច្បាប់អាជ្ញាសឹកឡើយនាពេលនោះ។
គួរជម្រាបថា លោក Poroshenko បានចុះហត្ថលេខាដាក់ចេញច្បាប់អាជ្ញាសឹកនៅតាមតំបន់មួយចំនួននៅជាប់ព្រំដែនប្រទេសរុស្ស៉ីសម្រាប់រយៈពេល៣០ថ្ងៃ បន្ទាប់ពីទូកអ៊ុយក្រែន០៣គ្រឿងរួមទាំងនាវិកជាង២០នាក់ ត្រូវបានរឹបអូសនិងចាប់ខ្លួនដោយរុស្ស៉ី នៅច្រកសមុទ្រខាងលើ ដោយទីក្រុងម៉ូស្គូបានលើកហេតុផលថា ទូកទាំងនោះបានឆ្លងចូលព្រំដែនរបស់ខ្លួន៕