(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានស្នើអតីតនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់លោក ហេដឺ អាល់អាបាឌី (Haider al-Abadi) ដល់ទៅពីរលើកឱ្យសងប្រេងមកសហរដ្ឋអាមេរិក ជាសំណងសម្រាប់ការឈ្លានពានរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដួលរំលំរបបដឹកនាំ លោក សាដដាម ហ៊ូស្សេន (Saddam Hussein) កាលពីឆ្នាំ២០០៣។ នេះបើតាមគេហទំព័រអាស៊ីយ៉ូស (Axios) ដកស្រង់ដោយសារព័ត៌មាន អង់គ្លេស Independent នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមគេហទំព័រព័ត៌មាន Axios លោក ដូណាល់ ត្រាំ បានលើកឡើងនូវសំណើដ៏គួរឱ្យអស់សំណើចនេះ នៅក្នុងជំនួបជាមួយលោក Haider al-Abadi កាលពីខែមីនា ឆ្នាំ២០១៧។ Axios ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីប្រភពមន្ត្រីអាមេរិកដឹងពីជំនួបនេះ បានបញ្ជាក់ទៀតថា សំណើរបស់លោក ត្រាំ ក៏បានធ្វើឱ្យអតីតនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់រូបនេះភ្ញាក់ផ្អើលជាខ្លាំងផងដែរ រហូតដល់ចោទសួរទៅវិញថា តើលោក ត្រាំ ចង់មានន័យយ៉ាងដូចម្ដេច?
លោក ត្រាំ បានឆ្លើយតបទៅនឹងសំណួរនេះដូច្នេះវិញថា «ជាការពិត យើងបានធ្វើរឿងជាច្រើន ហើយបានចំណាយលុយអស់ជាង ១ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) នៅក្នុងប្រទេសអ៉ីរ៉ាក់ រីឯមនុស្សជាច្រើនក៏បាននិយាយអំពីប្រេងផងដែរ»។ បន្ថែមពីលើនេះបើតាម Axios ក្រោយជំនួបនេះ លោក ត្រាំ បានលើកឡើងនូវសំណើដដែល នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Abadi កាលពីរដូវក្ដៅកន្លងទៅនេះ។ ប៉ុន្តែទន្ទឹមគ្នារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) ក៏ត្រូវបានគេរាយការណ៍ដែរថា បានប្រាប់លោក ត្រាំ អំពីសំណើខាងលើគឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ។
គួររំលឹកថា កាលពីឆ្នាំ២០០៣ ដោយចោទប្រកាន់ថា អ៉ីរ៉ាក់របស់ Saddam Hussein មានអាវុធនុយក្លេអ៊ែរអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស បានបញ្ជាឱ្យកងទ័ពអាមេរិកចូលឈ្លានពានអ៉ីរ៉ាក់ ដើម្បីផ្ដួលរំលំរបប Saddam Hussein ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។ ប៉ុន្តែក្រោយសង្រ្គាមនេះបញ្ចប់ គេមិនបានរកឃើញថា អ៉ីរ៉ាក់មានអាវុធនុយក្លេអ៊ែរឡើយ ហើយមកទល់នឹងពេលនេះប្រជាជនអ៉ីរ៉ាក់នៅតែបន្តរស់នៅក្នុងភ្លើងសង្រ្គាម ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងព្រាត់ប្រាសគ្រួសារ៕