(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រ៉េសិព រាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីនឹងត្រូវធ្វើឡើងតាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹង ប្រែងមិនចាយប្រាក់ដុល្លារអាមេរិក ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Erdogan ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក និងនៅមុន ពេលចាកចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីនដែលនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកានេះ។ ថ្លែងនាឱកាសនោះ លោក Erdogan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចព្រមព្រៀងទិញ S-400 នឹងត្រូវធ្វើឡើងតាមរយៈការប្រើប្រាស់ រូបិយវត្ថុជាតិ... ហើយការប្រគល់ប្រព័ន្ធមីស៊ីលនេះ គួរតែត្រូវបញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩»។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ តួកគីចុះហត្ថលេខាទិញប្រព័ន្ធមីស៊ីល S-400 ចំនួន ០៤គ្រឿងក្នុងតម្លៃ ២.៥ពាន់លានដុល្លារ ជាមួយកម្ចីពីរុស្ស៊ី ៥៥ភាគរយ ហើយកាលពីខែតុលា កន្លងទៅ ទីក្រុងអង់ការ៉ាក៏បានអះអាងដែរថា S-400 អាចនឹងត្រូវបាន ដាក់ពង្រាយនៅលើទឹកដីតួកគីនៅខែតុលា ឆ្នាំ២០១៩៕