(វ៉ាស៊ីនតោន)៖ ក្រោយដណ្តើមបានការគ្រប់គ្រង នៅក្នុងសភាតំណាងរាស្រ្ត (រដ្ឋសភា) ពីគណបក្សសាធារណរដ្ឋនោះ មន្រ្តីគណបក្សប្រជាធិបតេយ្យនាថ្ងៃពុធសប្តាហ៍នេះ កំពុងរៀបចំជ្រើសរើសប្រធានថ្មីសម្រាប់សភាជាន់ទាបនេះ ហើយទីបំផុតស្ត្រីពោពេញដោយប្រជាប្រិយភាពមួយរូប ត្រូវបានមតិភាគច្រើនគាំទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី ណាន់ស៊ី ភែឡូស៊ី (Nancy Pelosi) វ័យ ៧៨ឆ្នាំ ត្រូវបានជ្រើសតាំងសម្រាប់មុខតំណែងជា «ប្រធានសភាតំណាងរាស្រ្តអាមេរិក» ជាមួយសំឡេងគាំទ្រ ២០៣សំឡេង និងប្រឆាំង ៣២សំឡេង ខណៈអនុប្បវាទមាន០៣សំឡេង។ យ៉ាងណាមិញ តំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វរញ៉ារូបនេះ ត្រូវការសំឡេងគាំទ្រសរុបចំនួន ២១៨សំឡេង នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្តមួយទៀត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែមករា ឆ្នាំក្រោយ ទើបអាចទទួលបានតំណែងនេះជាផ្លូវការ។
នៅក្នុងសភាថ្មីនេះ មន្រ្តីបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនយ៉ាងតិច ២៣៣សំឡេង ប៉ុន្តែមួយចំនួនក្នុងចំណោមនោះធ្លាប់បានបញ្ជាក់ថា ពួកគេនឹងមិនគាំទ្រឲ្យលោកស្រី Pelosi ឲ្យធ្វើជាប្រធានសភាតំណាងរាស្រ្តឡើយ។ ទោះជាបែបនេះក្តី លោកស្រី Pelosi នៅតែមានភាពជឿជាក់ថា វានឹងពុំមែនជាបញ្ហានោះឡើយ។
គួរជម្រាបថា បក្សប្រជាធិបតេយ្យអាមេរិកដណ្តើមបានការគ្រប់គ្រង នៅក្នុងសភាតំណាងរាស្រ្តជាលើកដំបូងក្នុងរយៈពេល ០៨ឆ្នាំ នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅអាមេរិក កាលពីដើមខែវិច្ឆិកានេះ ខណៈបក្សសាធារណរដ្ឋ នៅតែបន្តពង្រីកឥទ្ធិពលនៅក្នុងព្រឹទ្ធសភាដដែល ហើយប្រការនេះបានធ្វើឲ្យអំណាចសភាអាមេរិកបែកជាពីរ៕