(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានស្នើឱ្យអង្គការណាតូបបញ្ជូននាវាចម្បាំងមកកាន់តំបន់សមុទ្រ អាហ្សូវ (Azov) ដើម្បីជួយកងកម្លាំងអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នានៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Poroshenko បានលើកឡើងនូវសំណើនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាល្លឺម៉ង់ Bild newspaper នៅក្នុងសប្ដាហ៍នេះ។ លោក Poroshenko បានគូសបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «លោក វ្ល៉ាឌីមៀ ពូទីន ចង់គ្រប់គ្រងតំបន់សមុទ្រ Azov តែម្នាក់ឯង... អាល្លឺម៉ង់គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់យើង ហើយយើងសង្ឃឹមថា បណ្ដារដ្ឋដទៃជាសមាជិកអង្គការណាតូ នឹងបញ្ជូននាវាចម្បាំងមកកាន់តំបន់សមុទ្រ Azov ដើម្បីជួយអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី និងរក្សាសន្តិសុខសមុទ្រ»។
លើសពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានអះអាងដែរថា អ៊ុយក្រែនមិនអាចទទួលយកបានឡើយ ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងនៅតំបន់សមុទ្រ Azov រីឯអាល្លឺម៉ង់វិញគួរតែសួរខ្លួនឯងថា តើលោក ពូទីន នឹងធ្វើអ្វីបន្តទៀត បើសិនជាយើងមិនបញ្ឈប់លោកទេនោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបើកការបាញ់ប្រហារ និងរឹបអូសនាវារបស់ខ្លួនចំនួនបីគ្រឿង ព្រមទាំងចាប់ខ្លួននាវិកជាច្រើននាក់ នៅក្នុងការប៉ះទង្គិចគ្នានៅឯច្រកសមុទ្រ Kerch ស្ថិតនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ។ មិនតែប៉ុណ្ណោះ ប្រឈមមុខនឹងរុស្ស៉ី អ៊ុយក្រែនបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ អាជ្ញាសឹករយៈពេល ៣០ថ្ងៃនៅក្នុងតំបន់។ ចំណែកឯអង្គការណាតូវិញ បានបង្ហាញការគំាទ្រដល់រដ្ឋាភិបាលទីក្រុងកៀវ ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូ ដោះលែងនាវិក ២៤នាក់ និងនាវាបីគ្រឿងរបស់អ៊ុយក្រែនមកវិញ។
ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទលោក Poroshenko កំពុងប្រើប្រាស់សកម្មភាពបង្ករឿងនៅសមុទ្រ Azov និងច្បាប់អាជ្ញាសឹក ក្នុងចេតនាបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅមុខការបោះឆ្នោតក្នុងប្រទេស
អ៊ុយក្រែននៅឆ្នាំ២០១៩ តែប៉ុណ្ណោះ៕