(ប៉េកាំង)៖ យោងតាមសេចក្តីរាយការណ៍ថ្មីមួយបានឲ្យដឹងថា ក្រុមអ្នកវិភាគមួយចំនួន និងក្រសួងការពារជាតិអាមេរិក បានមើលស្រាលចំពោះចំនួននាវាមុជទឹកនុយក្លេអ៊ែរចិន ដែលកំពុងស្ថិតក្រោមការផលិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមការរាយការណ៍របស់វែបសាយ ស្តីពីវិស័យការពារជាតិលើពិភពលោក Defense One រូបភាពនៃរោងចក្រកសាងនាវា បូហៃ (Bohai) និងមូលដ្ឋានយោធាជើងទឹក ឡុងប៉ូ (Longpo) នៅឯប្រទេសចិនបានបង្ហាញថា ទីក្រុងប៉េកាំងកំពុងផលិតនាវាមុជទឹកនុយក្លេអ៊ែរក្នុងចំនួនច្រើនជាងអ្វី ដែលសហរដ្ឋអាមេរិកធ្លាប់បានដឹងទៅទៀត។ ប៉ុន្តែផ្ទុយទៅវិញនាវាមុជទឹកនុយក្លេអ៊ែរចិន ដែលកំពុងធ្វើប្រតិបត្តិការគឺមានចំនួនតិចជាងការជឿជាក់របស់លោកខាងលិច។
គួរជម្រាបថា ខណៈរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក បានបង្ហាញថា សព្វថ្ងៃចិនមាននាវាមុជទឹកនុយក្លេអ៊ែរ ដែលកំពុងធ្វើប្រតិបត្តិការចំនួនតែ ០៤គ្រឿងនោះ វែបសាយ Defense One បានអះអាងថា តាមពិតមានតែ០២គ្រឿងប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញផ្សេងទៀតបានអះអាងថា វាជារឿងមើលងាយចិនសុទ្ធសាធ ហើយអ្វីដែលជាអាថ៌កំបាំងពីក្រោយរឿងនេះ គឺពិតជានឹងលាតត្រដាងក្នុងពេលឆាប់ៗ៕