(ម៉ិចស៊ីកូ)៖ កូនប្រសារប្រុសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក ហ្សារ៉េដ គូស្នឺ (Jared Kushner) ត្រូវបានគេរាយការណ៍ថា នឹងទទួលបានពានរង្វាន់ស្នាដៃកិត្តិយសពីប្រទេសម៉ិចស៉ីកូ សម្រាប់ការចូលរួមចំណែកក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងកាណាដា ប៉ុន្តែបែរជាបង្កឲ្យសាធារណមតិផ្ទុះកំហឹងឡើងតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្រសួងការបរទេសម៉ិចស៉ីកូ បានប្រកាសប្រគល់ពានរង្វាន់ Order of the Aztec Eagle ដល់លោក Kushner នៅថ្ងៃអង្គារសប្ដាហ៍នេះ ប៉ុន្តែក្រោយការប្រកាសនេះភ្លាម ភាពចម្រូងចម្រាស និងកំហឹងបានផ្ទុះឡើងនៅក្នុងចំណោមប្រជាជនមិចស៉ីកូ ដែលធ្លាប់ រងការឈឺចាប់ដោយសារតែការប្រមាថ ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ លោក ដូណាល់ ត្រាំ ធ្លាប់បានប្រមាថ និងប្រើពាក្យមិន គួរគប្បីជាច្រើនលើប្រជាជនម៉ិចស៉ីកូ តាមរយៈចាត់ទុកប្រជាជនម៉ិចស៊ីកូជា «ពួកឧក្រិដ្ឋជន និងក្រុមជួញដូរគ្រឿងញៀន» រហូតដល់បញ្ជាឱ្យអាជ្ញាធរអាមេរិក សាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៉ីកូទៀតផង។
គួរបញ្ជាក់ថា ពានរង្វាន់កិត្តិយស Order of the Aztec Eagle គឺត្រូវផ្ដល់ឱ្យជនបរទេសទាំងឡាយណា ដែលបានចូលរួម ចំណែករកផលប្រយោជន៍ឱ្យប្រទេសម៉ិចស៉ីកូ ហើយអ្នកដែលធ្លាប់បានទទួលពានរង្វាន់នេះដែរមានដូចជា Queen Elizabeth II, ព្រះមហាក្សត្រអេស្ប៉ាញ Philip VI, អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង លោក Nelson Mandela, លោក Bill Gates និងលោកស្រី Melinda Gates ជាដើម៕