(ម៉ានីល)៖ តុលាការហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្ដន្ទាទោសមន្ត្រីប៉ូលិស ០៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៤០ឆ្នាំ ពីបទសម្លាប់សិស្សវិទ្យាល័យម្នាក់អាយុ ១៧ឆ្នាំ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្មេងប្រុសជាសិស្សវិទ្យាល័យឈ្មោះ គាន ឡយដ៍ ឌែឡូស សាន់តូស (Kian Lloyd delos Santos) ត្រូវបានប៉ូលិសទាំង ០៣នាក់ បាញ់សម្លាប់កាលពីខែសីហា ឆ្នាំ២០១៧ នៅឯច្រកផ្លូវដ៏ងងឹតមួយស្ថិតនៅភាគខាងជើង នៃជាយទីក្រុងម៉ានីល។ ក្រោយការបាញ់សម្លាប់នេះ ក្រុមអង្គការសិទ្ធិមនុស្សនានាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលត្រូវបានប្រព្រឹត្តឡើងដោយមន្ត្រីប៉ូលិស។
ប៉ុន្តែនៅពេលនោះដែរ ប៉ូលិសហ្វីលីពីនបានអះអាងថា យុវជនឈ្មោះ Santos គឺជាអ្នកជួញដូរគ្រឿងញៀន ហើយការបាញ់សម្លាប់រូបគេ គឺគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ។ ទោះបីជាបែបនេះក្រោយការស៊ើបអង្កេតដោយតុលាការកន្លងមក គេបានរកឃើញថា អ្វីៗមិនដូចទៅនឹងការអះអាងរបស់នាយប៉ូលិសទាំងបីរូបនេះឡើយ ទើបតុលាការសម្រេចធ្វើការកាត់សេចក្តីដូចខាងលើនេះតែម្តង។
គួរជម្រាបថា សង្រ្គាមគ្រឿងញៀនរបស់លោក ឌូតឺតេ បានសម្លាប់ជីវិមនុស្សជិត ៥,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០១៦មក ជាឆ្នាំដែលលោកប្រធានាធិបតី ឌូតឺតេ សន្យាថានឹងមិនអនុញ្ញាតឱ្យប៉ូលិសណាម្នាក់ ត្រូវជាប់គុកដោយសារតែបាញ់សម្លាប់ ឧក្រិដ្ឋជនគ្រឿនញៀននោះទេ។ តែទោះយ៉ាងនេះក្ដី បន្ទាប់ពីការប្រកាសសាលក្រមផ្តន្ទាទោសប៉ូលិសទាំង ០៣នាក់ខាងលើ អ្នកនាំពាក្យលោក ឌូតឺតេ គឺលោក សាលវ៉ាដ័រ ផានែឡូ (Salvador Panelo) បែរជានិយាយថា ប៉ូលិសទាំង ០៣នាក់ ចេតនាសម្លាប់មនុស្សទៅវិញ ហើយនេះគឺជាទង្វើដែលលោកប្រធានាធិបតី មិនអាចអត់ឱនឱ្យបានជាដាច់ខាត៕