(កាណាដា)៖ រដ្ឋាភិបាលកាណាដា បានប្រកាសការដាក់ទណ្ឌកម្មរបស់ខ្លួន ទៅលើជនជាតិអារ៉ាប៊ីសាអូឌីត ចំនួន១៧នាក់ ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកសារព័ត៌មាន របស់ស្ថាប័ន Washington Post លោក Jamal Khashoggi។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Global News នៅថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Khashoggi ដែលជាទូទៅតែងតែរិះគន់ លើគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីតនោះ ត្រូវបានសម្លាប់ នៅក្នុងខែតុលាកន្លងទៅ បន្ទាប់ពីបានចូលទៅក្នុង ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមមន្ត្រីមកពីនាយកដ្ឋានកិច្ចការបរទេស របស់កាណាដា បានហៅការសម្លាប់នេះថាជា «អំពើក្រៅ ប្រព័ន្ធតុលាការ» ហើយបាននិយាយថាពួកគេកំពុងអំពាវនាវឲ្យមាន «គណនេយ្យភាព និងតម្លាភាពឲ្យបានតឹងរឹង អំពីកាលៈទេសៈជុំវិញឃាតកម្មរបស់លោក Khashoggi»៕