(ប៉ារីស)៖ ប្រជាជនបារាំង៧២ភាគរយ បានបង្ហាញការគំាទ្ររបស់ពួកគេដល់ក្រុមបាតុករអាវកាក់ពណ៌លឿង ដែលកំពុង
ដឹកនាំបាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃ និងគោលនយោបាយរបស់លោកប្រធានាធិបតីម៉ាក្រុង នៅទូទាំងប្រទេស បារំាង។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិធ្វើឡើងដោយស្ថានីយទូរទស្សន៍អឺរ៉ុប RTL ចេញផ្សាយកាលពីថ្ងៃទី០២ ខែធ្នូ ប្រជាជនបារាំង៧២ ភាគរយ បាននិយាយថាគាំទ្រក្រុមបាតុករអាវកាក់ពណ៌លឿង បើទោះជាពួកគេបានប្រើហិង្សាប្រឆាំងនឹងប៉ូលិសនៅតាម ទីក្រុងជាច្រើន រួមទាំងទីក្រុងប៉ារីសក៏ដោយ។ តែទោះជាយ៉ាងនេះក្ដី ៨៥ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ ក៏បានអះអាងដែរ ថាពួកគេមានការរំជើបរំជួលជាខ្លាំងចំពោះអំពើហិង្សា ហើយថ្កោលទោសលើភាពចលាចលបច្ចុប្បន្ន ទោះបីជាពួកគេយល់ និងគំាទ្រក្រុមបាតុករអាវកាក់ពណ៌លឿងក៏ដោយ។
គួរបញ្ជាក់ថា មហាបាតុកម្មប្រឆាំងសាំងឡើងថ្លៃ បានផ្ទុះឡើងតាំងតែពីពាក់កណ្ដាលខែវិច្ឆិកា មកម្លេះដោយបណ្ដាលឱ្យ មនុស្ស០៣នាក់បាត់បង់ជីវិត។ ចំណែកឯ ក្រុមបាតុករថែមទាំងបានអំពាវនាវឱ្យប្រធានាធិបតីបារាំង លោកម៉ាក្រុងចុះចេញ ពីតំណែងទៀតផង ដោយសារតែពួកគេមិនពេញចិត្តគោលនយោបាយរបស់លោក ដែលបានបណ្ដោយឱ្យសាំងឡើងថ្លៃ ជាពិសេសគឺម៉ាស៊ូត បានឡើងថ្លៃជាង២៣ភាគរយឯណោះ។
បាតុកម្មតវ៉ានេះ បានផ្ទុះឡើងកាន់តែខ្លាំងកាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងទីក្រុងប៉ារីសជាទីដែលមនុស្ស៤១២នាក់ត្រូវបាន ចាប់ខ្លួន និង៣៧៨នាក់នៅតែបន្តជាប់ឃុំនៅឡើយ ហើយ១៣៣នាក់រងរបួសក្នុងនោះមាន២៣នាក់ ជាកងកម្លាំងសន្តិសុខបារាំង៕