(វ៉ាស៊ីនតោន)៖ ពិធីបុណ្យសពត្រូវបានរៀបចំឡើង សម្រាប់អតីតប្រធានាធិបតីអាមេរិក លោក ចច ប៊ូស (George H.W. Bush) នៅឯព្រះវិហារ Washington National Cathedral ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយមានការចូលរួមសម្តែងក្តីគោរពពីសំណាក់មេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងប្រធានាធិបតី អតីតប្រធានាធិបតី និងមន្ត្រីអាមេរិកជាច្រើនរូបផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
អតីតប្រធានាធិបតី និងជំទាវទីមួយអាមេរិកទាំង ៤រូប គឺលោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឈែល លោក ប៊ីល គ្លីនតុន និងលោកស្រី ហ៊ីលឡារី និងលោកស្រី ជីមមី ខាធើ និងលោកស្រី រ៉ូសាលីន និងចុងក្រោយគឺលោក ចច ដាប់ប៊ែលយូ ប៊ូស និងលោកស្រី ឡារ៉ា (ត្រូវជាកូន និងកូនប្រសារ) សុទ្ធតែមានវត្តមានក្នុងពិធីខាងលើ។
សម្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកស្រី មេឡានា ក៏បានបង្ហាញវត្តមាន ដើម្បីសម្តែងការគោរពនាពិធីបុណ្យសពនេះផងដែរ។ ក្រៅពីមេដឹកនាំ និងអតីតមេដឹកនាំអាមេរិក ក៏នៅមានវត្តមានថ្នាក់ដឹកនាំមកពីក្រៅប្រទេសជាច្រើនទៀត រួមមានដូចជាព្រះអង្គម្ចាស់ប្រទេសវែលស៍ អធិកាបតីអាល្លឺម៉ង់ ព្រះមហាក្សត្រហ៊្សកដានី និងអតីតនាយករដ្ឋមន្រ្តីកាណាដាជាដើម។
គួរជម្រាបថា លោក George H.W. Bush បានទទួលមរណភាពនាថ្ងៃសុក្រសប្តាហ៍មុន ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយសារជំងឺម៉្យាងទាក់ទងនឹងសរសៃប្រសាទខួរក្បាល។ សពលោកនឹងត្រូវយកទៅបញ្ចុះនៅរដ្ឋតិចសាស់ ជាមួយភរិយារបស់លោក គឺលោកស្រី បាបារ៉ា ដែលបានទទួលមរណភាពកាលពីខែមេសា កន្លងទៅ។ លោក ចច ប៊ូស ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីអាមេរិកដែលកាន់អំណាចបានមួយអាណត្តិ ដ៏ល្អបំផុតពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣៕