(ប៉ារីស)៖ គម្រោងដំឡើងពន្ធលើឥន្ធនៈដែលបាន និងកំពុងបង្កឱ្យមានបាតុកម្មតវ៉ាដ៏ហិង្សានៅទូទាំងប្រទេសបារាំង ត្រូវបានលុបចេញពីកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩ហើយ ស្របពេលរដ្ឋាភិបាលទីក្រុងប៉ារីស នៅតែបើកផ្លូវចរចាជាមួយក្រុមបាតុករអាវកាក់ពណ៌លឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
ការប្រកាសលុបចោលនេះ ត្រូវបានធ្វើដោយនាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ ហ្វីលីព (Edouard Philippe) នៅក្នុងកិច្ចប្រជុំសភាជាន់ទាបបារាំង នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក អេឌូអាដ កាលពីថ្ងៃអង្គារបានបញ្ជាក់ថា គម្រោងដំឡើងពន្ធលើកាបូន និងឥន្ធនៈយានយន្ដ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែមករា នឹងត្រូវបានផ្អាកសម្រាប់រយៈពេល ០៦ខែ ដើម្បីទុកពេលពិគ្រោះយោបល់។
លើសពីនេះទៅទៀត នាយករដ្ឋមន្ត្រីបារាំងរូបនេះក៏បានអះអាងដែរថា គំរោងឡើងពន្ធលើឧស្ម័ន និងអគ្គិសនីនៅក្នុងរដូវរងារនេះ ក៏នឹងត្រូវលុបចោលផងដែរ ហើយដែលនេះអាចនឹងក្លាយជាការប្ដូរគោលនយោបាយជាលើកដំបូងបំផុតរបស់លោក ម៉ាក្រុង ចាប់តាំងលោកជាប់ឆ្នោតជាប្រធានាធិបតីបារាំង កាលពីឆ្នាំ២០១៧មក។ ប៉ុន្តែថ្លែងនៅចំពោះមុខសភាជាន់ទាប លោកនាយករដ្ឋមន្ត្រីបារាំងបានអះអាងជាថ្មីថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនា ពីព្រោះគំរោងដំឡើងពន្ធ ត្រូវបានលុបចេញពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៩ ហើយ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃ នៅក្នុងប្រទេសបារាំង បានផ្ទុះឡើងតាំងតែពាក់កណ្ដាលខែវិច្ឆិកា កន្លងមកម្ល៉េះ ខណៈមនុស្ស ០៤នាក់បានបាត់បង់ជីវិត ហើយគេមិនទាន់ច្បាស់ឡើយថា បាតុកម្មដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃសៅរ៍សប្ដាហ៍នេះនឹងត្រូវធ្វើឡើងតាមគំរោង ឬយ៉ាងណានោះទេ បើទោះជាក្រុមបាតុករស្វាគមន៍ការសម្រេចចិត្តរបស់លោក ម៉ាក្រុង ក៏ដោយ។ តែសម្រាប់លោក ម៉ាក្រុង ការដំឡើងពន្ធលើឥន្ធនៈ គឺជាវិធានការដ៏មានសារៈសំខាន់ក្នុងការប្រយុទ្ធ ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយឱនភាពកញ្ចប់ថវិកាជាតិ៕