(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការចេញផ្សាយដោយស្ថានីយទូរទស្សន៍ Fox News នៅថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ស្ថានីយទូរទស្សន៍ Fox News ផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា លោក ដូណាល់ ត្រាំ នឹង ប្រកាសពីការតែងតំាងលោកស្រី Nauert ជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិ (UN) ជំនួសលោកស្រី Nikki Haley នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក)។ ប៉ុន្តែ លោកស្រី Nauert មិនទាន់ធ្វើអត្ថាធិប្បាយណាមួយឡើយ។
គួរបញ្ជាក់ថា អគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំអង្គការសហប្រជាជាតិបច្ចុប្បន្ន លោកស្រី Nikki Haley បានប្រកាសលាលែងពី តំណែងកាលពីខែតុលាកន្លងទៅ ហើយលោកស្រីនឹងបញ្ចប់តួនាទីរបស់ខ្លួននៅដំណាច់ឆ្នាំ២០១៨នេះ៕