(ញូយ៉ក)៖ ជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទប្រាប់សមត្ថកិច្ចទីក្រុងញូយ៉កថា គ្រាប់បែកជាច្រើនគ្រាប់ត្រូវបានគេដាក់បង្កៃ នៅឯអគារទីស្នាក់ការរបស់បណ្តាញព័ត៌មានទូរទស្សន៍ CNN នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ខណៈកណ្តឹងអាសន្នបានរោទ៍ឡើង ហើយមនុស្សម្នាត្រូវជម្លៀសចេញដើម្បីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមការផ្សាយព័ត៌មាន កណ្តឹងប្រកាសអាសន្នជាច្រើនត្រូវបានគេលឺចេញពីទីស្នាក់ការរបស់ CNN ប្រចាំទីក្រុងញូយ៉ក ដែលស្ថិតនៅក្នុងអគារភ្លោះ Time Warner Center ហើយបុគ្គលិកទាំងអស់ត្រូវបានជម្លៀសចេញពីទីនោះតែម្តងនៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ (ម៉ោងនៅញូយ៉ក) ត្រូវនឹងពេលព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអាស៊ីខាងកើត)។
គួរបញ្ជាក់ថា ពិធីករដែលកាន់កម្មវិធី CNN Tonight ក៏បានភៀសខ្លួនភ្លាមៗដែរ ពេលកំពុងផ្សាយផ្ទាល់ ខណៈកម្មវិធីទាំងមូលត្រូវបិទជាបណ្តោះអាសន្ន។ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងស្វែងរកគ្រាប់បែក ហើយផ្លូវធ្វើដំណើរទាំងសម្រាប់រថយន្ត និងថ្ញើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ៕