(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងបើកកិច្ចចរចាជុំទី ១០ នៅសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាថា ត្រូវចូលរួមចំណែកយ៉ាងដូចម្ដេចក្នុងការចេញថ្លៃចាយវាយសម្រាប់ កងទ័ពអាមេរិកឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា កិច្ចចរចានឹងត្រូវធ្វើឡើងរយៈពេល០៣ថ្ងៃ គិតចាប់ថ្ងៃទី១១ ខែធ្នូ នៅក្នុងទីក្រុងសេអ៊ូល ហើយភាគីទាំងពីរនឹងពិភាក្សារគ្នា ដោយឈរលើមូលដ្ឋាននៃកិច្ចចរចាមុន ដើម្បី សម្របសម្រួលគោលជំហររវាងប្រទេសទាំងពីរ។
គួរជម្រាបថា កងទ័ពអាមេរិកប្រមាណ ២៨,៥០០នាក់ កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង រីឯកិច្ចព្រមព្រៀងចូលចំណែកលើថ្លៃចាយវាយរយៈពេល ០៥ឆ្នាំ នឹងត្រូវអស់សុពលភាពថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ម្យ៉ាងវិញទៀតផ្អែកលើកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងបានចូលរួមចំណែកជាប្រាក់ជាង ៨៦០លានដុល្លារ ក្នុងមួយឆ្នាំដើម្បីជួយដល់កងទ័ពអាមេរិក នៅលើទឹកដីរបស់ខ្លួន៕