(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងជាថ្មីឡើងវិញថាមានភស្ដុតាងបញ្ជាក់បាន ថាសហរដ្ឋអាមេរិកពិតជាកំពុងរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក កាលពីថ្ងៃអាទិត្យ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖«ការព្យាយាមបំផ្លាញ ប្រជាធិបតេយ្យ និងការដឹកនាំការធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើងគឺត្រូវ បានធ្វើក្រោមការសម្របសម្រួលពីសេតវិមាន»។ លោក ម៉ាឌូរ៉ូបន្ថែមថានឹងធ្វើសន្និសីទសារព័ត៌មានមួយនៅប៉ុន្មានថ្ងៃខាង មុខនេះ ដើម្បីបង្ហាញពីភស្ដុតាងនៃផែនការធ្វើរដ្ឋប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា។
គួររំលឹកថា កាលពីខែសីហាកន្លងទៅ លោក ម៉ាឌូរ៉ូ ត្រូវបានគេរាយការណ៍ថាត្រូវគេប៉ុនប៉ងធ្វើឃាតនៅពេលចូលរួមក្នុងពិធី ព្យុហយាត្រាយោធាមួយក្នុងទីក្រុងការ៉ាកាស់ ហើយលោកបានចោទត្រង់ៗតែម្ដងថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយ
ការវាយប្រហារដោយយន្ដហោះដ្រូនមកលើរូបលោក។ ប៉ុន្តែ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះមិនបានបង្ហាញភស្ដុតាង ជាក់លាក់ណាមួយឡើយ ខណៈក្រុមបក្សប្រឆាំងនឹងក្នុងប្រទេសចោទលោកថាប្រើប្រាស់ការប៉ុនប៉ងធ្វើឃាតនេះជាលេស បង្រ្កាបអ្នកប្រឆាំង និងពង្រឹងអំណាចតែប៉ុណ្ណោះ៕