(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បានប្រកាសនាថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហ៊ុននឹងបិទសេវាបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនហៅថា Google+ (Google Plus) បន្ទាប់ពីបញ្ហាកំហុសឆ្គងផ្នែកកូដ ដែលពាក់ព័ន្ធទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ត្រូវបានរកឃើញជាលើកទីពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Bussiness Insider នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
Google បានឲ្យដឹងថា អ្នកប្រើប្រាស់ប្រមាណ ៥២.៥លាននាក់ បានរងការប៉ះពាល់ពីបញ្ហានេះ ដែលធ្វើឲ្យលេចធ្លាយព័ត៌មានឯកជនដូចជាឈ្មោះ អាស័យដ្ឋានអ៊ីម៉ែល មុខរបរ និងអាយុនៃប្រូហ្វាល់ (Profile) របស់ពួកគេ កាលពីចន្លោះថ្ងៃទី០៧ ខែវិច្ឆិកា និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ Google បានបញ្ជាក់ថា ខ្លួនបានកែតម្រូវបញ្ហា Error នោះហើយ រួចនឹងចាប់ផ្តើមទាក់ទងទៅកាន់អ្នកប្រើប្រាស់ ដែលព័ត៌មានឯកជនត្រូវលេចធ្លាយ។
កាលពីខែតុលាកន្លងទៅ បញ្ហា Error ស្រដៀងគ្នានេះនៅក្នុងសេវា Google+ ត្រូវបានលាតត្រដាងឲ្យដឹង ដោយវាបានធ្វើឲ្យលេចធ្លាយព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់សេវារាប់សែននាក់ ទៅកាន់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី (Developer) ក្នុងអំឡុងពេលដល់ទៅ ០៣ឆ្នាំ ដែលប្រការនេះបានបង្កឲ្យមានក្តីកង្វល់ជាខ្លាំង ចំពោះសមត្ថភាពរបស់ក្រុមហ៊ុន Google ក្នុងការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ ព្រមទាំងគោលការណ៍រក្សាតម្លាភាពរបស់ក្រុមហ៊ុន។
គួរជម្រាបថា ក្រោយការរកឃើញបញ្ហាជាលើកដំបូង Google បានប្រកាសបិទសេវាបណ្តាញសង្គម Google+ របស់ខ្លួនជាអចិន្ត្រៃយ៍តែម្តង នៅខែសីហា ឆ្នាំក្រោយ ប៉ុន្តែនាពេលនេះបានលើកមកខែមេសា ឆ្នាំ២០១៩ ដែលប្រការនេះមានន័យថា វានៅសល់តែខ្ទង់០៤ខែទៀតប៉ុណ្ណោះ៕