(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសន្យាថានឹងដំឡើងប្រាក់ឈ្នួលអប្បរមា ក៏ដូចជាផ្ដល់សម្បទានមួយចំនួនលើវិស័យពន្ធ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបង្កឡើងដោយបាតុកម្មដ៏ហិង្សា របស់ក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងប្រទេស និងក្រោយការប្រកាសដាក់សេដ្ឋកិច្ច និងសង្គមទៅក្នុងគ្រាអាសន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
លោក ម៉ាក្រុង ធ្វើការសន្យាបែបនេះ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយមិនតែប៉ុណ្ណោះក្រៅតែពីការសន្យា ប្រធានាធិបតីបារាំងរូបនេះក៏បានបង្ហាញការទទួលខុសត្រូវផងដែរ ចំពោះភាពចលាចលបច្ចុប្បន្ននៅក្នុងប្រទេស។ ថ្លែងនាឱកាសនោះលោក ម៉ាក្រុង បានឱ្យដឹងទៀតថា ប្រាក់ឈ្នួលអប្បរមានឹងត្រូវបានបន្ថែម ១០០អឺរ៉ូ ក្នុងមួយខែចាប់ពីឆ្នាំ២០១៩ តទៅ។
លើសពីនេះទៅទៀត គម្រោងតំឡើងពន្ធសម្រាប់និវត្តន៍ជនដែលមានប្រាក់ចំណូលទាប នឹងត្រូវលុបចោល រីឯប្រាក់បន្ថែមម៉ោងក៏មិនត្រូវជាប់ពន្ធដែរ ខណៈនិយោជកត្រូវបានលើកទឹកចិត្ត ឱ្យផ្ដល់ប្រាក់ឧបត្ថម្ភបំណាច់ឆ្នាំដល់នាយាជិក ដែលជាប់ពន្ធ។ ប៉ុន្តែក្រុមបាតុករអាវកាក់ពណ៌មួយចំនួន បានទាត់ចោលការសន្យារបស់លោក ម៉ាក្រុង ដោយអះអាងថាវាគ្រាន់តែជាវិធានពាក់កណ្ដាលតែប៉ុណ្ណោះ និងចង់ឱ្យរដ្ឋាភិបាលបារាំងផ្ដល់សម្បទានច្រើនជាងនេះ។
គួរបញ្ជាក់ថា បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំង មនុស្សច្រើនជាង ៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក។ ប្រសិនបើកិច្ចចរចារវាងរដ្ឋាភិបាលបារាំង និងក្រុមបាតុករអាវកាក់ពណ៌លឿងនៅតែមិនត្រូវគ្នាទៀតនោះ មហាបាតុកម្មអាចនឹងផ្ទុះឡើងជាលើកទី ៥ នៅចុងសប្តាហ៍នេះ៕