(វ៉ាស៊ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មមន្រ្តីជាន់ខ្ពស់ ០៣រូប នៃរបបដឹកនាំកូរ៉េខាងជើង នៅចំពោះមុខភាពស្ងប់ស្ងាត់ នៃកិច្ចចរចារវាងប្រទេសទាំងពីរ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
ទណ្ឌកម្មខាងលើដែលធ្វើឡើងដោយស្របទៅតាមរបាយការណ៍ នៃក្រសួងការបរទេសអាមេរិកស្តីពីបញ្ហាកូរ៉េខាងជើង នឹងបង្កករាល់ទ្រព្យសម្បត្តិទាំងឡាយដែលមន្រ្តីទាំង ០៣រូបអាចមាននៅអាមេរិក និងហាមមិនឲ្យអង្គភាព ឬបុគ្គលជនជាតិអាមេរិកណាមួយមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ជាមួយមន្ត្រីកូរ៉េខាងជើងទាំងនោះឡើយ។
គួរជម្រាបថា ទណ្ឌកម្មនេះស្ថិតក្នុងចំណោមទណ្ឌកម្ម ដែលត្រូវបានដាក់ចេញដោយសហរដ្ឋអាមេរិក ទៅលើអង្គភាពនិងបុគ្គលជាប់ពាក់ព័ន្ធនៅកូរ៉េខាងជើង ស្របពេលដែលកិច្ចប្រឹងប្រែងកំពុងធ្វើឡើង ដើម្បីឆ្ពោះទៅសម្រេចការរំសាយអាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ ទីក្រុងព្យុងយ៉ាងបានរិះគន់ជាដដែលៗថា ការបន្តដាក់ទណ្ឌកម្មទាំងនេះដោយទីក្រុងវ៉ាស៊ីនតោន គឺជាសកម្មភាពកាន់តែធ្វើឲ្យប្រទេសទាំងពីរ លែងជឿទុកចិត្តគ្នាខ្លាំងឡើងៗ៕