(ប៉ារីស)៖ នាថ្ងៃចន្ទសប្តាហ៍នេះប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសពីវិធានការដើម្បីឆ្លើយតបចំពោះក្រុមបាតុករអាវកាក់ពណ៌លឿង ហើយការចំណាយសម្រាប់វិធានការទាំងនេះ ត្រូវបានអនុរដ្ឋមន្រ្តីមុខងារសាធារណៈ និងថវិកាបារាំងលោក អូលីវីយេ ឌុយស៊ុប (Olivier Dussopt) អះអាងថា អាចចាប់ពី ០៨ ទៅ ១០ពាន់លានអឺរ៉ូ (៩.១ទៅ១១.៤ពាន់លានដុល្លារ)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
លោក Macron បានប្រកាសដាក់ប្រទេសបារាំងក្នុងភាពអាសន្នផ្នែកសេដ្ឋកិច្ច និងសង្គម។ លោកប្រធានាធិបតីបារាំងបាននិយាយថា ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ឈ្នួលអប្បបរមានឹងកើន ១០០អឺរ៉ូ (ជាង១១៣ដុល្លារ) ក្នុងមួយខែ។ វិធានការដែលស្នើឡើងនេះ ក៏មានចាត់បញ្ចូលនូវប្រាក់ឧបត្ថម្ភដំណាច់ឆ្នាំ មិនជាប់ពន្ធសម្រាប់នយោជិក និងការអនុគ្រោះពន្ធឲ្យនិវត្តជនដែលមានប្រាក់ចំណូលទាបជាង ២,០០០អឺរ៉ូ (២,២៧៤ដុល្លារ) ក្នុងមួយខែ។
គួរជម្រាបថា បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងបួនសប្តាហ៍ជាប់គ្នាហើយ គិតចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នៅពេលក្រុមបាតុកម្មអាវពណ៌លឿង បានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ាដែលមានដំបូងឡើយ មានគោលដៅបង្ខំឲ្យលោក Macron បោះបង់ចោលគម្រោងដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដំឡើងពន្ធប្រេងម៉ាស៊ូតនិងប្រេងសាំងប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងមហាផ្ទៃបារាំង មនុស្សច្រើនជាង ៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕