(ប៉េកាំង)៖ តុលាការចិនមួយបានចេញសេចក្ដីបង្គាប់បឋម ដែលនឹងហាមឃាត់ការលក់ទូរស័ព្ទដៃ iPhone ស៊េរីមុនៗភាគច្រើនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន តបតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm។ ការ សម្រេចចិត្តនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាការចាត់វិធានឆ្លើយតបទៅនឹងការធ្វើទុកបុកម្នេញរបស់អាជ្ញាធរអាមេរិក មកលើវិស័យវិនិយោគផ្នែកទូរគមនាគមន៍របស់ចិននៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមហ៊ុនយក្សអាមេរិកទាំងពីរ គឺក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Apple មានជម្លោះនឹងគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ ជុំវិញកម្មសិទ្ធិបញ្ញា។ ដោយឡែក នៅក្នុងសេចក្ដីបង្គាប់របស់តុលាការចិន ក្រុមហ៊ុន Qualcomm បានអះអាងថា ក្រុមហ៊ុន Apple បានរំលោភប័ណ្ណប៉ាតង់កម្មសិទ្ធិបញ្ញា ផ្នែកបច្ចេកវិទ្យាចំនួនពីររបស់ខ្លួន ដែលត្រូវបានប្រើប្រាស់នៅក្នុងទូរស័ព្ទ ដូចជា Phone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X។
ម្យ៉ាងវិញទៀត បើសិនជាសេចក្ដីបង្គាប់ខាងលើត្រូវបានអនុវត្តមែន នោះទូរស័ព្ទម៉ូឌែលទាំងនេះនឹងត្រូវហាមឃាត់ក្នុងការលក់នៅក្នុងប្រទេសចិន ជាទីដែលក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមមួយនេះ គ្រប់គ្រងទីផ្សារជិត ២៥ភាគរយ បើគិតពីតួលេខកាលពីចុងឆ្នាំ២០១៧។
តែទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Apple បានច្រានចោលការអះអាងរបស់ Qualcomm ដោយបញ្ជាក់ថា ទូរស័ព្ទដៃរបស់ខ្លួននៅតែមានវត្តមានក្នុងទីផ្សាររបស់ចិន ហើយថាសេចក្ដីបង្គាប់មានជាប់ពាក់ព័ន្ធតែទូរស័ព្ទ iOS ស៊េរីចាស់ៗតែប៉ុណ្ណោះ។
គួរជម្រាបថា ការចេញសេចក្ដីបង្គាប់របស់តុលាការចិន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរអាមេរិកបានចាត់វិធានការកាន់តែក្តៅ ទៅលើក្រុមហ៊ុនបម្រើសេវាទូរគមនាគមន៍ដ៏ធំបំផុតរបស់ចិន។ លើសពីនេះទៅទៀត ក្រុមអ្នកជំនាញខ្លះក៏យល់ដែរថា សេចក្ដីបង្គាប់នេះទៀតសោត អាចជាវិធានការឆ្លើយរបស់ទីក្រុងប៉េកាំង ទៅនឹងសហរដ្ឋអាមេរិក ដែលបានជំរុញឱ្យបុគ្គលិកក្រសួងអាមេរិកនានា ឈប់ប្រើប្រាស់ផលិតផលបច្ចេកវិទ្យា ដូចជាទូរស័ព្ទដៃរបស់ចិន៕