(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន Tu-160 ចំនួន ០២គ្រឿង ត្រូវបានបញ្ជូនទៅដល់វេណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌីរ៉ូ បានអះអាងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងរៀបចំគម្រោងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។
ក្រសួងការពារជាតិរុស្ស៉ីបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា នាថ្ងៃចន្ទសប្តាហ៍នេះ យន្តហោះទម្លាក់គ្រាប់បែក Tu-160 ទាំង ០២គ្រឿង បានហោះហើរចម្ងាយ១០,០០០គីឡួម៉ែត្រឆ្លងកាត់សមុទ្របារិន សមុទ្រន័រវេស សមុទ្រការីបៀន ព្រមទាំងមហាសមុទ្រអាត្លង់ទិកចេញពីប្រទេសរុស្ស៊ី ទៅដល់អាកាសយានដ្ឋានអន្តរជាតិស៊ីម៉ុនបូលីវ៉ា (Simon Bolivar) នៅទីក្រុងម៉ៃក្វេធា (Maiquetia) ក្បែររដ្ឋធានីការ៉ាកាស់។
រដ្ឋមន្រ្តីការពារជាតិវេណេស៊ុយអេឡាលោក វ្លាឌីមៀ ផាទ្រីណូ ឡូប៉ែស (Vladimir Padrino Lopez) ដែលជាអ្នកទទួលស្វាគមន៍ ការមកដល់នៃយន្តទម្លាក់គ្រាប់បែករុស្ស៉ីបាននិយាយថា វេណេស៊ុយអេឡាកំពុងត្រៀមលក្ខណៈដើម្បីការពារខ្លួន នៅពេលចាំបាច់ ជាមួយប្រទេសជាមិត្តទាំងឡាយ ដែលគាំទ្រទំនាក់ទំនងផ្អែកលើការគោរពគ្នាទៅវិញទៅមក។
គួរជម្រាបថា ការចល័តយន្តហោះរបស់រុស្ស៊ី ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ម៉ាឌូរ៉ូ ទើបតែបានបង្ហាញការជឿជាក់ថា អាមេរិកកំពុងរៀបចំការធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា៕