(ប៊ែរឡាំង)៖ អាលឺ្លម៉ង់នឹងគាំទ្រការបន្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី នៅអំឡុងកិច្ចប្រជុំកំពូលនៃបណ្ដាថ្នាក់ដឹកនំាសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ។ នេះគឺជាការអះអាងរបស់អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។
ការប្រកាសបែបនេះរបស់លោកស្រី មឺគែលធ្វើឡើងនៅចំពេលមជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថាតើសហភាពអឺរ៉ុបនឹងចាត់វិធានការយ៉ាងដូចម្ដេចជុំវិញភាពតានតឹងជាថ្មីរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានអំពានាវឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមប្រឆាំងនឹងទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងជាថ្មី ក្រោយឆ្មាំសមុទ្ររុស្ស៊ីបានរឹបអូសទូកចំនួន៣គ្រឿង និងចាប់ខ្លួននាវិកអ៊ុយក្រែនជាច្រើននាក់ នៅក្នុងការបះទង្គិចគ្នាមួយនៅឯច្រកសមុទ្រ Kerch ដែលជាព្រំប្រទល់ទឹករវាង ប្រទេសទាំង២នាពេលថ្មីៗនេះ៕