(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័ត ឲ្យបើកការជជែកដេញដោល ដើម្បីស្វែងរកដំណោះស្រាយមួយ ឈានទៅដល់ការបញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងសង្រ្គាមយ៉េមែន ខណៈការស្លាប់របស់អ្នកកាសែត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) កំពុងធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋបាល លោក ដូណាល់ ត្រាំ និងសភាមានភាពល្អក់កករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងបោះឆ្នោតនៅថ្ងៃពុធសប្ដាហ៍នេះ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេង ៦០ ទល់នឹង ៣៩សំឡេង បើកផ្លូវឲ្យមានការជជែកដេញ ដោលស្វែងរកដំណោះស្រាយបញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អារ៉ាប៊ីសាអូឌីតក្នុងសង្រ្គាមយ៉េមែន។ តែទន្ទឹមគ្នា នៅមានការសង្ស័យជាច្រើនថា តើគេត្រូវអនុម័តដំណោះស្រាយយ៉ាងណា ទើបអាចមានឥទ្ធិពលលើការសម្រេចចិត្តចុងក្រោយ ដ្បិតក្រុមសមាជិកព្រឹទ្ធសភាអាមេរិកចង់អនុម័តលើដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា គឺមួយថ្កោលទោស អារ៉ាប៊ីសាអូឌីតក្នុងសំណុំរឿងឃាតកម្មលើលោក Khashoggi និងមួយទៀតគឺ បញ្ចប់ការគាំទ្ររបស់សហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមយ៉េមែន សំដៅឈានទៅរកបិទបញ្ចប់សង្រ្គាមយ៉េមែន។
គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរងការរិះគន់ និងសម្ពាធយ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្សនានា ដែលបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការគាំទ្រដល់ប្រតិបត្តិការយោធា របស់ក្រុមចំរុះអារ៉ាប់ដឹកនាំដោយ
អារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយ៉េមែន ជាទីដែលមនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់ជាពិសេសកុមារៗ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន និងការស្លាប់ជាបន្តបន្ទាប់៕