(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានចេញមុខព្រមានថា រាល់សកម្មភាពយោធាលក្ខណៈឯកតោភាគីណាមួយដែលធ្វើឡើងនៅភាគឦសានស៊ីរីគឺជារឿងមិនអាចទទួលយកបានឡើយ បន្ទាប់ពីតួកគីបានប្រកាសថានឹងចាប់ផ្តើមធ្វើប្រតិបត្តិការយោធាជាថ្មីម្តងទៀត ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដដែលគាំទ្រដោយអាមេរិក នៅក្នុងប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
នាថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានប្រកាសអំពីប្រតិបត្តិការយោធាថ្មីមួយផ្សេងទៀតសំដៅប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ (YPG) នៅតំបន់ភាគខាងកើតទន្លេ Euphrates ប៉ែកឦសានប្រទេសស៊ីរី ដែលនឹងត្រូវប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។ ជុំវិញសេចក្តីប្រកាសនេះអ្នកនាំពាក្យ ក្រសួងការពារជាតិអាមេរិកបានលើកឡើងថា «ការធ្វើសកម្មភាពយោធាបែបឯកតោភាគីនៅភាគឦសានស៊ីរីដោយភាគីណាមួយ ជាពិសេសស្របពេលដែលកងទ័ពអាមេរិកអាចមានវត្តមាននៅក្បែរឬក្នុងតំបន់ថែមទៀតនោះ គឺជាទង្វើមិនអាចទទួលយកបានឡើយ»។
គួរជម្រាបថា កន្លងមកនេះ តួកគីបានចូលធ្វើអន្តរាគមន៍យោធាដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ YPG ចេញពីទឹកដីភាគខាងលិចនៃទន្លេ Euphrates ក្នុងអំឡុងប្រតិបត្តិការយោធាដែលបានប្រព្រឹត្តទៅ នារយៈពេល០២ឆ្នាំចុងក្រោយនេះ ប៉ុន្តែរហូតមកដល់ឥឡូវ ទីក្រុងអង់ការ៉ាមិនទាន់ឆ្លងទៅត្រើយខាងកើតទន្លេឡើយ ដោយហេតុផលមួយផ្នែកគឺព្រោះតែដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយកងទ័ពអាមេរិក៕