(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលទាំងអស់ចៀសវាងការប្រើប្រាស់រថយន្តប្រណិតទំនើបៗ ហើយបន្តប្រើយានជំនិះដែលធូរថ្លៃ ស៊ីសាំងតិច និងពុំសូវប៉ះពាល់ដល់បរិស្ថាន ដើម្បីបង្ហាញថារដ្ឋាភិបាលរបស់លោក មិនខ្ជះខ្ជាយក្នុងការប្រើប្រាស់មូលនិធិរដ្ឋនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទសប្តាហ៍មុនលោក ឌូតឺតេ បានចុះហត្ថលេខាលើបទបញ្ជាលេខ ១៤ ដែលរៀបរាប់លម្អិតអំពីបទបញ្ញតិនៃការទិញរថយន្តរបស់រដ្ឋាភិបាល ព្រមទាំងការប្រកាន់យកនូវប្រព័ន្ធបែបប្រមូលផ្តុំ នៃការទិញយានយន្តទាំងនោះ។ បទបញ្ជាលេខ ១៤ ត្រូវបានដាក់ចេញដើម្បីហាមប្រាមការទិញ ក៏ដូចជាប្រើប្រាស់រថយន្តទំនើបៗ នៅតាមគ្រប់ស្ថាប័នរដ្ឋាភិបាល រួមមានទាំងសាជីវកម្មដែលស្ថិតក្រោមការគ្រប់គ្រងឬជាកម្មសិទ្ធិរបស់រដ្ឋរួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សារបស់រដ្ឋ ព្រមទាំងអង្គភាពរដ្ឋាភិបាលថ្នាក់តំបន់នានា។
ទន្ទឹមនឹងនេះ បទបញ្ជាខាងលើមិនត្រូវអនុវត្តន៍ទៅលើយានយន្ត ដែលប្រើប្រាស់សម្រាប់ការរក្សាសន្តិសុខឲ្យប្រធានាធិបតី និងអនុប្រធានាធិបតីហ្វីលីពីន រថយន្តដែលជាអំណោយរបស់រដ្ឋាភិបាលបរទេស ឬស្ថាប័នអន្តរជាតិ រថយន្តដែលប្រើប្រាស់ដោយឥស្សរជនបរទេសដែលមកទស្សនកិច្ចនៅហ្វីលីពីន និងយានយន្តដែលទិញតាមរយៈមូលនិធិបានមកពីកម្មវិធីជំនួយអភិវឌ្ឍន៍នោះឡើយ។
ម៉្យាងវិញទៀត បទបញ្ជាលេខ ១៤ ក៏តម្រូវឲ្យស្ថាប័នរដ្ឋាភិបាលទាំងអស់ ជំរុញការទិញរថយន្តដែលប្រើប្រាស់ឥន្ទនៈមិនសូវប៉ះពាល់ដល់បរិស្ថាន ដូចជាជីវឥន្ទនៈ ឧស្ម័នធម្មជាតិ ថាមពលពន្លឺព្រះអាទិត្យ (សូឡា) និងថាមពលអគ្គិសនីជាដើមផងដែរ៕