(ព្រុចសែល)៖ សហភាពអឺរ៉ុបដែលមានសមាជិក ២៧ ប្រទេសបានបង្ហាញការគាំទ្រចំពោះប្រទេសអ៊ុយក្រែន ពាក់ព័ន្ធនឹងភាពតានតឹងជាមួយរុស្ស៊ីនៅតំបន់ច្រកសមុទ្រឃើច (Kerch) និងដែនសមុទ្រអាហ្សូវ (Azov) ដែលរុស្ស៊ីបានចាប់ឃាត់ខ្លួននាវិក និងទូករបស់អ៊ុយក្រែន មិនដោះលែងនៅឡើយទេមកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីប្រកាសរបស់សហភាពអឺរ៉ុប (EU) ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពីកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងទីក្រុងព្រុចសែល។ នៅក្នុងសេចក្តីប្រកាសនោះសហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនគាំទ្រប្រទេសអ៊ុយក្រែន និងចាត់ទុកសកម្មភាពរបស់រុស្ស៊ីកន្លងមក ជាទង្វើបំពានច្បាប់អន្តរជាតិថែមទៀតផង។
សហភាពអឺរ៉ុបបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មិនមានភាពស្របច្បាប់ណាមួយ ដែលរុស្ស៊ីត្រូវប្រើប្រាស់កម្លាំងនោះឡើយ។ ដូច្នេះរុស្ស៊ីត្រូវបានតែដោះលែងនាវិកទាំងជាង ១០នាក់ និងទូកទាំងអស់របស់អ៊ុយក្រែនជាបន្ទាន់។ រុស្ស៊ីត្រូវធានាការធ្វើចរាចរណ៍ដោយសេរីនៅច្រកសមុទ្រ Kerch និងក្នុងដែនសមុទ្រ Azov ដែលស្ថិតនៅក្បែរឧបទ្វីបគ្រីមៀ (Crimea)»។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបក៏ត្រៀមលក្ខណៈក្នុងការរៀបចំដំណោះស្រាយ ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែនផងដែរ៕