(វ៉ាស៊ីនតោន)៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA ផ្នែកប្រឆំាងអំពើភេរវកម្មលោក ហ្វីលីព ជីរ៉ាល់ឌី (Philip Giraldi) បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងប្រឈមមុខដាក់គ្នានៅក្នុងជម្លោះដ៏ក្ដៅគគុកមួយ បើសិនជាទីក្រុងតេហេរ៉ង់ហ៊ានបិទច្រកសមុទ្រហូរមូស (Hormuz) ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ នៃការចរាចរណ៍កប៉ាល់ដឹកប្រេងមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Philip Giraldi ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis បានទៅដល់សមុទ្រអារ៉ាប់ហើយ កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ។ លោក Giraldi បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក គឺជា ការបង្ហាញកម្លាំងកំញើញ និងបង្ការការវាយប្រហារទុកជាមុនណាមួយពីសំណាក់អ៊ីរ៉ង់... ហើយជាពិសេស បើសិនជាអ៊ីរ៉ង់ធ្វើតាមសន្យាដោយបិទច្រកសមុទ្រ Hormuz មែននោះ ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់នៅត្រូវប្រឈមមុខដាក់គ្នាក្នុងជម្លោះមួយដ៏ក្ដៅគគុក»។
គួរជម្រាបថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS John C. Stennis បានទៅដល់សមុទ្រអារ៉ាប់ហើយកាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ ហើយការបញ្ជូននាវាចម្បាំងនេះ ធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ចោទប្រកាន់អ៊ីរ៉ង់ថា បានបាញ់សាកល្បងមីស៊ីលរយៈចំងាយមធ្យមមួយគ្រាប់ មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចបាញ់ដល់ផ្នែកខ្លះនៃទ្វីបអឺរ៉ុប៕