(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ថូនី ប្ល៊ែរ (Tony Blair) នឹងថ្លែងសុន្ទរកថាមួយនៅថ្ងៃសុក្រនេះ ដោយជម្រុញឲ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប រៀបចំការបោះឆ្នោតប្រជាមតិជាលើកទី ២ ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬ Brexit ពីព្រោះសភាអង់គ្លេសអាចនឹបរាជ័យ ក្នុងការស្វែងរកការឯកភាពគ្នាជុំវិញកិច្ចព្រមព្រៀង លើការលែងលះជាមួយ EU។ នេះបើតាមសេចក្ដីព្រាងសុន្ទរកថា ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្ដីព្រាងសុន្ទរកថាមួយក្នុងទីក្រុងឡុងដ៍ លោក Tony Blair គូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន...គឺជាពេលដែលត្រូវសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀង ឬក៏ជម្រើសមួយលើការបោះឆ្នោតប្រជាមតិ។ ពោលគឺអឺរ៉ុបចង់ប្រាកដថាបើ អង់គ្លេសត្រៀមខ្លួនពិចារណាឡើងវិញ នោះអឺរ៉ុបក៏អាចពិចារណាឡើងវិញផងដែរ ខណៈប្រជាជនអង់គ្លេសទាំងមូល ចង់ឱ្យបញ្ហាទាំងឡាយត្រូវបានដោះស្រាយ»។
គួរបញ្ជាក់ថា លោក Tony Blair គឺជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេសមកពីគណបក្សពលករ ដែលបានកាន់អំណាចពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧។ ដោយឡែកបើតាមការគ្រោងទុក អង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ទោះបីជាបែបនេះក្តី អ្នកវិភាគអឺរ៉ុបជាច្រើនមើលឃើញថា អ្វីៗប្រហែលជាមិនកើតឡើងទៅតាមពេលគ្រោងទុកនោះឡើយ៕