(វ៉ាស៊ីនតោន)៖ ទីបំផុតក្រសួងការបរទេសអាមេរិក បានអនុម័តហើយលើការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot មានតម្លៃ ជាង ៣.៥ពាន់លានដុល្លារ ឱ្យតួកគី ក្នុងចេតនាមួយដែលគេមើលឃើញថា ជាការបញ្ចុះបញ្ចូលទីក្រុងអង់ការ៉ាលុបចោលគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមមន្ទីរបញ្ចកោណដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមមន្ទីរបញ្ចកោណ ក្រសួងការបរទេសអាមេរិកក៏បានយល់ព្រមលក់ប្រភេទមីស៊ីល សម្រាប់បំពាក់ឲ្យប្រព័ន្ធ Patriot ចំនួន ៨០គ្រាប់ និងមីស៊ីលប្រភេទផ្សេងទៀត ៦០គ្រាប់ផ្សេងទៀតឱ្យទីក្រុងអង់ការ៉ា រួមជាមួយនឹងបរិក្ខាពាក់ព័ន្ធក្នុងនោះរួមមាន ប្រព័ន្ធរ៉ាដា ឧបករណ៍គ្រប់គ្រង និងប្រព័ន្ធបាញ់ចេញជាដើម។
គួរជម្រាបថា កាលពីដើមឆ្នាំ២០១៨ ក្រសួងការបរទេសអាមេរិកធ្លាប់បាននិយាយថា ខ្លួនកំពុងធ្វើការងារជាមួយតួកគី ទាក់ទិន ការលក់ប្រព័ន្ធមីស៊ីល Patriot របស់ក្រុមហ៊ុន Raytheon Co ក្នុងគោលបំណងបញ្ចុះបញ្ចូលឱ្យតួកគី លុបចោលគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ ប៉ុន្តែតួកគីមិនបានអើពើនឹងគម្រោងទិញមីស៊ីលអាមេរិកឡើយ ហើយបែរជាងាកទៅចុះហត្ថលេខាទិញ S-400 ទៅវិញ បើទោះជាសហរដ្ឋអាមេរិកព្រមានថា ការទិញប្រព័ន្ធមីស៊ីលពីរុស្ស៊ីនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់គម្រោងទិញយន្ដហោះចម្បាំង F-35 ដែលតួកគីចង់បានយ៉ាងខ្លាំងក៏ដោយ៕