(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ រីបាបកូវ (Sergey Ryabkov) បាននិយាយថា សហរដ្ឋអាមេរិកបានទទួលស្គាល់ចំពោះសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល-នុយក្លេអ៊ែរ រយៈចំងាយមធ្យម និងជិត ឬ INF បានដល់ទីបញ្ចប់ហើយ។ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានដែរថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតប បើមីស៊ីលអាមេរិកត្រូវបានដំឡើងនៅលើទឹកដីអឺរ៉ុប។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ចំពោះមុខអ្នកសារព័ត៌មាននៅក្នុងស្រុក នាថ្ងៃអង្គារសប្ដាហ៍នេះលោក Ryabkov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោនបានចេញផ្សាយជាសាធារណៈ នូវគម្រោងដកខ្លួនចេញពីសន្ធិសញ្ញា INF រួចរាល់ហើយកាលពីខែតុលា កន្លងទៅ... ហើយតាមរយៈបណ្ដាញទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ការសម្រេចចិត្តរបស់ខ្លួនបានដល់ទីបញ្ចប់ ហើយនឹងមិនមានការចរចាណាមួយឡើយ»។
ប៉ុន្តែអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានព្រមានថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតប បើមីស៊ីលអាមេរិកត្រូវបានដំឡើងនៅលើទឹកដីអឺរ៉ុប ហើយសហរដ្ឋអាមេរិកពិតជាដើរតាមគម្រោងរបស់ខ្លួនមែននោះ។ «រុស្ស៊ីមិនដែលគំរាមកំហែងលើប្រទេសណាមួយនោះទេ ប៉ុន្តែរុស្ស៊ីនឹងចាត់វិធានការចាំបាច់នានា ដើម្បីប្រឆាំងនឹងការឈ្លានពានទាំងឡាយ»។ នេះគឺជាការលើកឡើងបន្ថែមរបស់លោក Ryabkov។
គួររំលឹកថា កាលពីខែតុលាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយចោទថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញានេះ បើទោះបីជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ។ លើសពីនេះទៅទៀតលោក ត្រាំ ថែមទាំងសន្យាផងដែរថា នឹងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររហូតដល់ចិន និងរុស្ស៊ីភ្ញាក់រលឹកខ្លួនឡើងវិញ៕