(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានចាប់ខ្លួនមន្ត្រីប៉ូលិស ៥០នាក់ និងជនស៊ីវិល០៣នាក់ផ្សេងទៀតពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ប្រតិបត្តិការបង្រ្កាបប៉ូលិសពុករលួយត្រូវបានធ្វើឡើង ដោយការិយាល័យកិច្ចការផ្ទៃក្នុង នៃប៉ូលិសប្រចាំទីក្រុងសៅប៉ូឡូ។ ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ពីបទទួលប្រាក់សំណូក ពីក្រុមអង្គការឧក្រិដ្ឋជនដ៏មានឥទ្ធិពលមួយ នៅក្នុងប្រទេសប្រេស៊ីល ដែលគេស្គាល់ថា PCC។ បន្ថែមពីលើនេះ ក្រុមរដ្ឋអាជ្ញាក៏បានអះអាងផងដែរថា មន្ត្រីប៉ូលិសទំាង ៥០នាក់ នោះមានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនរីឯជនស៊ីវិល ០៣នាក់ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន នៅឯភាគខាងត្បូងទីក្រុងសៅប៉ូឡូ។
គួរបញ្ជាក់ថា មន្ត្រីប៉ូលិសភាគច្រើនដែលត្រូវចាប់ខ្លួន គឺមកពីអង្គភាពលេខ ២២ នៃប៉ូលិសប្រចាំទីក្រុងសៅប៉ូឡូ ដែលជាមូលដ្ឋានរបស់ក្រុម PCC ហើយនេះគឺជាការបង្រ្កាបមន្ត្រីពុករលួយធំបំផុត ក្នុងទីក្រុងមួយនេះអស់រយៈពេលជាង ១០ឆ្នាំមកនេះ៕