(អឺរ៉ុប)៖ សារព័ត៌មានអាមេរិក New York Times បានរាយការណ៍ថាក្រុម Hackers បានវាយប្រហារព័ត៌មានវិទ្យាដោយជោគជ័យលើបណ្ដាញទំនាក់ទំនងការទូតរបស់សហភាពអឺរ៉ុប អស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
New York Times ផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាសារចំនួនរាប់ពាន់ ត្រូវបានក្រុម Hackers លួចយក ហើយក្នុងចំណោមសារទាំងនោះទៀតសោត មានជាប់ពាក់ព័ន្ធចាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រហូតដល់ ពាណិជ្ជកម្មពិភពលោក។ ការបែកធ្លាយនេះត្រូវបានទម្លាយដោយក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យាមួយឈ្មោះ Area ប៉ុន្តែក្រុមន្ត្រីអឺរ៉ុបបានអះអាងថាព័ត៌មានសំងាត់សំខាន់ៗ មិនបានរងផលប៉ះពាល់ដោយសារការ Hack ក្នុងរយៈពេលជាង៣ឆ្នាំមកនេះនោះទេ បើទោះជាមិនមានការបញ្ជាក់ថាការវាយប្រហារព័ត៌មានវិទ្យានេះមានប្រភពមកពីណាក៏ដោយ។
តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញម្នាក់បានប្រាប់ New York Times ថាវិធីសាស្ត្រដែលក្រុម Hackers បានប្រើគឺវាដូចគ្នាទៅនឹង វិធីសាស្ត្រដែលយោធាចិនធ្លាប់ប្រើ។ «តាមរយៈបទពិសោធន៍ប្រឆាំងនឹងប្រតិបត្តិការព័ត៌មានវិទ្យារបស់ចិន អស់រយៈពេលរាប់ទសវត្សន៍មកនេះ...វាគ្មានអ្វីសង្ស័យទៀតឡើយថាការវាយប្រហារព័ត៌មានវិទ្យានេះគឺមានជាប់ទាក់ទិននឹងរដ្ឋាភិបាលចិន»។ នេះគឺជាការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គួរបញ្ជាក់ថា សារដែលក្រុម Hackers បានលួច គឺមានជាប់ទាក់ទិននឹងជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកក្កដា ព្រមទាំងសារឯកជនរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងក្រុមមន្ត្រីអឺរ៉ុបកាលពីដើមឆ្នាំកន្លងទៅ៕