​(ស៊ីរី)៖ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងនៅថ្ងៃពុធនេះថាក្រុមសកម្មប្រយុទ្ធ ISIS បានប្រហារជីវិត​អ្នកទោសជាង៧០០នាក់ ក្នុងរយៈពេលជិត២ខែមកនេះនៅឯភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម SOHR មានមូលដ្ឋានក្នុងចក្រភពអង់គ្លេស អ្នកទោសដែលត្រូវបានក្រុម ISIS សម្លាប់គឺស្ថិតនៅក្នុងចំណោម​ជនស៊ីវិល និងក្រុមអ្នកប្រយុទ្ធ១,៣៥០នាក់ ដែលត្រូវបានក្រុមភេរវករមួយនេះចាប់ឃុំឃាំងនៅឯតំបន់ក្បែរព្រំដែនប្រទេស​អ៊ីរ៉ាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ន បើទោះជាក្រុម ISIS បានថមឥទ្ធិពលយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែពួកភេរវករមួយនេះនៅតែបន្តគ្រប់គ្រងតំបន់ មួយចំនួនស្ថិតនៅតាមបណ្ដោយទន្លេ Euphrates ភាគខាងកើតប្រទេសស៊ីរី៕