(កង់បេរ៉ា)៖ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) បានបើកការស៊ើបអង្កេតមួយ លើក្រុមហ៊ុនអាកាសចរណ៍ Virgin Australia Airline ជុំវិញឧប្បទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយ នៅអាកាសយានដ្ឋានទីក្រុងកង់បេរ៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ATSB បានប្រកាសបើកការស៊ើបអង្កេតលើក្រុមហ៊ុន Virgin ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនៅអូស្រ្ដាលី បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ម៉ាស៊ីនចំនួន០២នៃយន្ដហោះ ATR 72 របស់ខ្លួនមានអណ្ដាតភ្លើងឆេះចេញមកក្រៅ អំឡុងពេលចុះចត ក្នុងជើងហោះហើរមួយពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុងកង់បេរ៉ាកាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។
គួរបញ្ជាក់ថា យន្ដហោះ ATR 72 ផ្ទុកអ្នកដំណើរ ៧៨នាក់ អំឡុងឧប្បទ្ទវេហេតុខាងលើកើតឡើង ប៉ុន្តែមិនបានបណ្ដាឱ្យ មនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។ ចំណែកឯយន្ដហោះនេះបានស្ថិតនៅក្នុងទីក្រុងកង់បេរ៉ា រយៈពេលបីថ្ងៃបន្ទាប់ពី ហេតុការណ៍ឆេះម៉ាស៊ីនកើតឡើង ហើយបានធ្វើប្រតិបត្តិការឡើងវិញកាលពីថ្ងៃចន្ទ និងបញ្ចប់ជើងហោះហើរចំនួន ១១៕