(ប៉េកាំង)៖ ពេលនិយាយ​ដល់ការធ្វើកំណែទម្រង់ និងការបើកទូលាយ​របស់ប្រទេស​ចិន សហគមន៍អន្តរជាតិ​តែងតែប្រើពាក្យ «ភាពអស្ចារ្យ​របស់​ប្រទេសចិន» ជាការវាយ​តម្លៃជាទូទៅ។ តើភាពអស្ចារ្យ​មួយនេះ បង្កើតឡើង​យ៉ាង​ដូចម្ត៉េច? តើវាបាននាំមក​អ្វីខ្លះដល់ប្រទេសចិន និងទូទាំងពិភពលោក?

នៅក្នុងមហាសនិ្នបាត​អបអរសាទរខួបទី ៤០ នៃការអនុវត្ត​គោលនយោបាយ​កំណែទម្រង់ និងបើកទូលាយ ដែលចិនបាន​ប្រារព្ធធ្វើឡើងកាល​ពីថ្ងៃទី ១៨ ខែធ្នូ លោក ស៊ី ជីនភីង អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ​យោធាមជ្ឈិមចិន បានអញ្ជើញ​ថ្លែងសុន្ទរកថា​គន្លឹះ​។

លោកបាន​ធ្វើការបូកសរុបនូវ​ប្រវត្តិសាស្ត្រ សមិទ្ធផល អត្ថន័យ និងបទពិសោធន៍​ដែលប្រទេសចិនទទួល​បាន​ក្នុងអំឡុងពេល ៤០​ឆ្នាំកន្លង​មក បន្ទាប់ពីចាប់​ផ្តើមធ្វើ​កំណែទម្រង់​ និងការបើកទូលាយ​ដោយគ្រប់ជ្រុង​ជ្រោយ​ តាមរយៈ ១០ វិស័យ​ជាក់ស្តែង​នោះគឺទ្រឹស្តីគំនិត ការកសាង​សេដ្ឋកិច្ច នយោបាយ​ប្រជាធិបតេយ្យ ការអភិវឌ្ឍ​វប្បធម៌ ការកែលម្អ​ជីវភាពរស់នៅរបស់​ប្រជាជន ការការពារ​បរិស្ថាន ការការពារ​ជាតិ និងទំនើបភាវូបនីយកម្ម​នៃកងទ័ព ការបង្រួប​បង្រួមជាតិ​ដោយសន្តិភាព ការទូតដោយ​សន្តិភាព និងការ​កសាង​បក្ស។

លោកបានបំផុសឲ្យមានការជំរុញឲ្យ​ប្រទេសចិន បន្តឈានទៅ​មុខតាមរយៈការ​ធ្វើកំណែទម្រង់​ និងការបើកទូលាយ​ក្នុងយុគសម័យថ្មី​ខាងមុខនេះ​ផងដែរ។ នៅពេល​​ពិភពលោក​សម្លឹង​មើលការផ្លាស់ប្តូរ​ក្នុងរយៈពេល ៤០ឆ្នាំ នៃកំណែទម្រង់ និងការបើក​ទូលាយរបស់ចិន​នេះ គឺមិនពិបាក​ក្នុងការស្វែងយល់​ពីមោទនភាព​ក្នុងចិត្ត របស់ប្រជាជន​ចិននាពេលបច្ចុប្បន្ន​នេះទេ គឺប្រទេសចិន​បានក្លាយទៅ​ជា តួអង្គសេដ្ឋកិច្ច​ធំទីពីរ​លើ​ពិភពលោក ប្រទេស​ឧស្សាហកម្មធំ​ទីមួយ និងប្រទេស​ពាណិជ្ជកម្មទំនិញ​ធំទីមួយ ដែលមានអត្រា​រួមចំណែកក្នុង​កំណើនសេដ្ឋកិច្ច​ពិភពលោកលើស​ពី ៣០ភាគរយ។

នាពេលបច្ចុប្បន្ន ​ប្រទេសចិន​បានក្លាយទៅជា​អ្នកកសាងសន្តិភាព​ពិភពលោក អ្នករួមចំណែក​ចំពោះការអភិវឌ្ឍ​សកល និងជាអ្នកគាំពារ​របៀបរៀបរយ​អន្តរជាតិ​ ដែលសហគមន៍អន្តរជាតិ​ទទួលស្គាល់​ជាទូទៅ។ ប្រទេសចិន​ប្រើតែរយៈពេល​ ៤០ឆ្នាំ​ប៉ុណ្ណោះក៏មានការផ្លាស់​ប្តូរជាប្រវត្តិសាស្ត្រ​ទាំងនេះ។ លោក ស៊ី ជីនភីង បានបូក​សរុបនូវបទពិសោធន៍​ដ៏មានតម្លៃ ដែលប្រទេសចិន​ទទួលបានពីកំណែ​ទម្រង់ និងការបើក​ទូលាយ ៤០​ឆ្នាំ ហើយក៏តម្រូវ​ឲ្យក្លាយជា​គោលការណ៍ណែនាំ​ដ៏សំខាន់បំផុត ដែលត្រូវតែប្រកាន់​ខ្ជាប់ដើរឈានទៅមុខ​នាពេលអនាគត​នៃប្រទេសចិន។

បទពិសោធន៍​ដ៏មានតម្លៃទាំងនេះ​រួមមាន ការត្រូវតែប្រកាន់​ខ្ជាប់នូវការ​ដឹកនាំ​នៃបក្សកុម្មុយនិស្តចិន​ក្នុងការងារទាំងអស់ ត្រូវតែយកប្រជាជន​ជាស្នូល ត្រូវតែដឹកនាំ​ដោយម៉ាក្សនិយម ដើរតាមផ្លូវនៃ​សង្គមនិយមដែលមាន​លក្ខណៈពិសេស​របស់ចិន ក៏ដូចជាកែលម្អ​ និងអភិវឌ្ឍប្រព័ន្ធ​សង្គមនិយម​ដែលមានលក្ខណៈ​ពិសេសរបស់ចិន និងប្រកាន់ខ្ជាប់​នូវការចាត់ទុក​ការអភិវឌ្ឍជា​ភារកិច្ចចម្បង ហើយពង្រីក​ការបើកទូលាយ និងគ្រប់គ្រងគណបក្ស​យ៉ាងតឹងរឹង ព្រមទាំងដោះស្រាយឲ្យបានត្រឹមត្រូវ​នូវបញ្ហានៃ​កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព​ជាដើម។

គ្មានការសង្ស័យណានោះទេ បទពិសោធដ៏មានតម្លៃទាំង ០៩នេះ គួរតែជា «លេខកូដសម្ងាត់​នៃភាព​ជោគជ័យ» នៃកំណែទម្រង់ និងការបើកទូលាយ​របស់ប្រទេសចិន ដែលត្រូវបាន​សហគមន៍អន្តរជាតិ​ចាប់អារម្មណ៍​បំផុត។ ក្នុងនោះ​ប្រទេសកំពុង​អភិវឌ្ឍន៍អាច​រៀនសូត្រពីបទពិសោធន៍​របស់ចិន ក្នុងការដោះស្រាយ​ទំនាក់ទំនងរវាង​កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព។

ឆ្លងកាត់រយៈពេល ៤០ឆ្នាំ ការធ្វើ​កំណែទម្រង់ និង​ការបើក​ទូលាយ​របស់ចិននា​ពេលបច្ចុប្បន្ននេះ​ ស្ថិតនៅចំណុច​ចាប់ផ្តើមថ្មីមួយ​ជាប្រវត្តិសាស្ត្រ ពោលគឺ សមាជបក្ស​កុម្មុយនិស្តចិន​លើកទី ១៩ បានលើកឡើង​នូវគោលដៅកាន់​តែខ្ពស់ ចំពោះការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់ចិន នេះម្យ៉ាង​។ ម្យ៉ាងវិញទៀត ការការពារ​និយម និងឯកតោភាគី​និយមបាន​កើនឡើងក្នុងក្របខ័ណ្ឌពិភពលោក ធ្វើឲ្យប៉ះពាល់​ដល់ដំណើរ​សកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច ។

ប្រជាជនចិនបានដឹង​ច្បាស់ថា ការជំរុញការ​អភិវឌ្ឍកំណែទម្រង់​ គឺពឹងផ្អែកទៅ​លើទំនុកចិត្ត និងការតស៊ូ​ប្រយុទ្ធ ។ ក្នុងរយៈពេល ៤០ឆ្នាំ ឬយូរជាងនេះទៅទៀត​នាពេលអនាគត ប្រទេសចិន​នឹងធ្វើប្រតិបត្តិការ​ជាក់ស្តែង​ដើម្បីបញ្ជាក់ថា ប្រទេសចិន​បែបច្នៃប្រឌិតថ្មី​ដែលបើកទូលាយ និងប្រកបដោយ​បរិយាប័ន្ន និងទំនុកចិត្ត ច្បាស់ជា​នឹងនាំមកនូវភាពអស្ចារ្យ​កាន់តែខ្លាំង​ដល់ពិភពលោក ៕