(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលចិន បានសម្ដែងការប្រឆាំងជំទាស់យ៉ាងខ្លាំង នឹងការអភិវឌ្ឍសព្វាវុធអវកាស ដោយរិះគន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចេញបញ្ជាឱ្យបង្កើតទីបញ្ជាការថ្មីមួយ ដើម្បីគ្រប់គ្រងប្រតិបត្តិការយោធាអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា «ចិនស្នើឱ្យមានការប្រើប្រាស់ទីអវកាសប្រកបដោយសន្តិភាព ហើយប្រឆាំងជំទាស់ជាដាច់ខាតចំពោះគំរោងការអភវិឌ្ឍ និងបំពាក់អាវុធអវកាស និងការរត់ប្រណាំងប្រឆាំងផ្នែកសព្វាវុធអវកាស... ព្រោះវាអាចនឹងប្រែក្លាយទីអវកាសទៅជាការសមរភូមិប្រយុទ្ធថ្មីមួយ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការបរទេសចិន បានកើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញបញ្ជាឱ្យបង្កើតទីបញ្ជាការអវកាសថ្មីមួយ ដើម្បីឱ្យមន្ទីរបញ្ចកោណងាយស្រួល ក្នុងការគ្រប់គ្រងប្រតិបត្តិការយោធាទីអវកាស។ ប៉ុន្តែទីបញ្ជាការថ្មីនេះមិនទាន់ត្រូវបានបញ្ជាក់ ពីទីតាំងយកធ្វើជាទីស្នាក់ការឡើយ ខណៈមានសេចក្ដីរាយការណ៍ខ្លះថា ទីបញ្ជាការកងទ័ពអវកាសអាចនឹងលក្ខណៈប្រហាក់ប្រហែល ដូចជាទីបញ្ជាការកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា និងទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិកនៅអាស៊ី៕