(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នៅថ្ងៃពុធ​សប្ដាហ៍នេះ បានសម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ជនជាតិរុស្ស៊ី ១៨នាក់ និងអង្គភាព​រុស្ស៊ីចំនួន ០៤ ជុំវិញការលូក​ដៃចូល​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក កាល​ពីឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួងរតនាគារជាតិ​អាមេរិក បានបញ្ជាក់នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួនដែរថា ជនជាតិរុស្ស៊ី ១៥នាក់​ក្នុងចំណោម ១៨នាក់ គឺជាសមាជិក​ដ៏សំខាន់នៃទីភ្នាក់ងារស៊ើបការណ៍​សំងាត់រុស្ស៊ី ដែលមាន​ជាប់ពាក់ព័ន្ធនឹងការលូកដៃ​ចូលក្នុងកិច្ចការ​បោះឆ្នោត ប្រធានាធិបតី​អាមេរិកកាលពី​ឆ្នាំ២០១៦ ក៏ដូចជាការរំលោភ​បំពានលើបទដ្ឋាន​អន្តរជាតិ។ បន្ថែមពីលើនេះ​សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​លើអង្គភាព​រុស្ស៊ីចំនួន ០៤ផងដែរ សម្រាប់ការ​ជ្រៀតជ្រែកចូល​កិច្ចការបោះឆ្នោត និងនយោបាយ​នៃបណ្ដាប្រទេស​ដទៃ នៅលើ​ពិភពលោក។

គួរបញ្ជាក់ថា ផ្អែកលើទណ្ឌកម្ម​ថ្មីនេះ​រាល់​កម្មសិទ្ធិ ឬទ្រព្យសម្បត្តិរ​បស់ជនជាតិរុស្ស៊ី ១៨នាក់ និងអង្គភាពចំនួន ០៤ នឹងត្រូវបង្កក ហើយប្រជាជនអាមេរិក​ត្រូវហាមឃាត់ ក្នុងការធ្វើ​កិច្ចព្រមព្រៀង​ណាមួយជាមួយនឹងពួកគេ ខណៈមកទល់​នឹងពេលនេះ​​រដ្ឋបាលប្រធានាធិបតី​លោក ដូណាល់ ត្រាំ បានដាក់​ទណ្ឌកម្មលើ​ជនជាតិរុស្ស៊ី ២៧២នាក់ រួមទាំង​អង្គភាព​ជាច្រើន៕