(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានអនុម័តហើយលើបទបញ្ជាដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី តាមការចង់បានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើទោះជាសម្ព័ន្ធមិត្តរបស់ខ្លួន បង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តនេះក៏ដោយ។ នេះបើតាម APF ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានបារំាង AFP ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយសំអាងលើប្រភពពីក្រុមមន្ត្រីអាមេរិក និងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis លាលែងចេញពីមុខតំណែងដោយសារតែការខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ ជុំវិញការដកកងទ័ពចេញពីប្រទេសស៊ីរីនេះ។ ប៉ុន្តែទន្ទឹមគ្នា សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិក និងក្រុមអ្នកនយោបាយអាមេរិកមួយចំនួន ក៏បានសម្ដែងការសោកស្ដាយ ចំពោះការសម្រេចចិត្តដកកងទ័ពរបស់លោក ត្រាំ ផងដែរ ពីព្រោះវាអាចនឹងបំផ្លាញដល់ផលប្រយោជន៍សន្តិសុខជាតិអាមេរិក ហើយទុកឱកាសឱ្យរុស្ស៊ី និងអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍មុន សេតវិមានរបស់លោក ដូណាល់ ត្រាំ បានប្រកាសថាសហរដ្ឋអាមេរិកនឹងដកទ័ពចេញពីប្រទេសស៊ីរី នៅរយៈពេលប៉ុន្មានខែខាងមុខទៀតនេះ ក្រោមហេតុផលក្រុម ISIS ត្រូវបានកម្ចាត់ ហើយថាវានឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ក្រុមចំរុះអន្តរជាតិប្រឆាំងនឹង ISIS នោះទេ។ កងទ័ពអាមេរិកជាង២,០០០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងឈរជើង នៅក្នុងប្រទេសស៊ីរ ដើម្បីជួយក្រុមឧទ្ទាមស៊ីរីប្រយុទ្ធប្រឆាំងនឹងពួក ISIS ក៏ដូចជាកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់គាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់៕