(ហ្សាការតា)៖ ​ក្រុមអ្នកជំនាញបានព្រមានថា រលកស៊ូណាមិអាចនឹងវាយប្រហារមកលើ​ប្រទេសឥណ្ឌូណេស៊ី​ជា​ថ្មីម្តង​ទៀត ខណៈដែលចំនួនមនុស្ស​ជិត៣០០នាក់ហើយ បានស្លាប់ដោយសាររលកយក្ស ដែលបង្កឡើងដោយ​​បន្ទុះភ្នំភ្លើង​ឈ្មោះថា «អាណាក់ ក្រាកាតូអា (Anak Krakatoa)»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ខណៈដែលភ្នំភ្លើងខាងលើនៅបន្តបញ្ចេញសកម្មភាពខ្លាំងក្លាដដែល លទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិ គឺ​មិន​អាច​មើលរំលងបានឡើយ។ រលកស៊ូណាមិ ដែលបានវាយលុកតំបន់ឆ្នេរ​ភាគខាងត្បូងកោះស៊ូម៉ាត្រា និង​ខាងលិច​កោះ​ជ្វា ជុំវិញ​ច្រកសមុទ្រស៊ុនដា (Sunda) កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ទំនង​ជា​ត្រូវ​​បានបង្ក​ឡើង​ដោយ ​បំណាក់​ដី​ក្រោម​ផ្ទៃ​សមុទ្រនៃ​ផ្នែក​មួយចំនួន​របស់ភ្នំភ្លើង Anak Krakatoa។

ម៉្យាងវិញទៀត បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ ពូវ៉ូ នូហ្គ្រោហូ (Sutopo Purwo Nugroho) បច្ចុប្បន្នឥណ្ឌូណេស៊ី មិនមានប្រព័ន្ធព្រមានឲ្យដឹងជាមុនអំពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយ​​បំណាក់ដី​​ក្រោមផ្ទៃសមុទ្រឬ​បន្ទុះភ្នំភ្លើងឡើយ គឺមានតែប្រព័ន្ធ​ព្រមានពីរលកយក្ស ដែលបង្កឡើងដោយរញ្ជួយដី​ប៉ុណ្ណោះ​។

គួរជម្រាបថា ហេតុការណ៍ខាងលើគឺជាលើកទីបីហើយ ដែលឥណ្ឌូណេស៊ី បានរងការវាយប្រហារដោយស៊ូណាមិ ក្នុង​អំឡុង​​ពេល​០៦ខែចុងក្រោយនេះ៕