(អ៊ីស្យូពី)៖ ផ្លូវដែកតភ្ជាប់ប្រទេសអ៊ីស្យូពី និងជីប៊ូទី ដែលកសាងឡើងដោយមានជំនួយពីប្រទេសចិន បានជួយកាត់បន្ថយថ្លៃចំណាយទៅលើការដឹកជញ្ជូន ពីកំពង់ផែ ជីប៊ូទី មកកាន់ប្រទេសអ៊ីស្យូពី ដែលជាប្រទេសមិនជាប់សមុទ្រ។ សម្រាប់អ៊ីស្យូពី ផ្លូវរថភ្លើងនេះ ប្រៀបបានដូចជាសរសៃឈាមដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទៅថ្ងៃមុខ របស់តំបន់ប៉ែកខាងជើងឈាងខាងកើតនៃទ្វីបអាហ្វ្រិក។
អ៊ីស្យូពី នាំចេញ និងនាំចូលទំនិញមួយភាគធំ ពីកំពង់ផែជីប៊ូទី (Djibouti) ហើយផ្លូវរថភ្លើង គឺជាមធ្យោបាយដឹកជញ្ជូនទំនិញមកកាន់អ៊ីស្យូពី ដោយចំណាយពេល១ថ្ងៃ។ អ៊ីស្យូពី កំពុងរៀបចំផែនការបង្កើតរោងចក្រផ្សេងៗ ដោយបោះទីតាំងនៅតាមបណ្ដោយផ្លូវរថភ្លើងនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ចាប់ពីខែមករាមក ផ្លូវរថភ្លើងនេះ បានជួយកាត់បន្ថយបញ្ហានានា ដែលអ្នកជំនួញនៅទីនេះធ្លាប់បានជួបប្រទះ។ រថភ្លើងដឹកទំនិញដែលរត់តាមផ្លូវមួយខ្សែនេះ អាចដឹកទំនិញបានពីចន្លោះ៣៥០០ទៅ៤០០០តោននៅក្នុង១ជើង។ ហើយរដ្ឋាភិបាលអ៊ីស្យូពីរំពឹងថា ផ្លូវរថភ្លើងនេះ នឹងដឹកទំនិញបាន៧លានតោននៅក្នុង១ឆ្នាំ។
លោក ជែឌិន ចាឡាតា នាយកប្រតិបត្តិ ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិឧត្តមភាព និយាយថា «វាចូលរួមចំណែកធំណាស់។ ដោយហេតុថាអ៊ីស្យូពី ជាប្រទេសដែលមិនមានព្រំប្រទល់ជាប់សមុទ្រ គេត្រូវចំណាយពេលពី៦ទៅ៧ថ្ងៃ ដើម្បីដឹកទំនិញតាមឡាន ពីកំពង់ផែ ជីប៊ូទី មក។ តែឥឡូវ គេចំណាយពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ»។
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP នៅប្រទេសអ៊ីស្យូពី បានចេញផ្សាយរបាយការណ៍មួយដែលមានចំណងជើងថា «ឧស្សាហូបនីយកម្មជាមួយមុខមនុស្ស»។ របាយការណ៍នេះ បានទទួលស្គាល់ថា ផ្លូវរថភ្លើងឆ្លងប្រទេសមួយខ្សែនេះ ដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់អ៊ីស្យូពី។
លោក ជេម វ៉ាកៀរហ្កា ទីប្រឹក្សាសេដ្ឋកិច្ច កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសអ៊ីស្យូពី និយាយថា «ផ្លូវរថភ្លើងអ៊ីស្យូពី-ជីប៊ូទី មានសារៈសំខាន់ណាស់ ចំពោះការផ្ដល់ជំនួយផ្នែកដឹកជញ្ជូន ដែលជាកត្តាដ៏ចាំបាច់សម្រាប់ជួយជំរុញ ដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មរបស់ប្រទេសនេះ។ ម្យ៉ាងទៀត ផ្លូវរថភ្លើងនេះ ក៏ជួយដល់ការបើកចំហរទីផ្សាររបស់អ៊ីស្យូពីផងដែរ ពីព្រោះថាយើងនឹងឃើញមានគេបង្កើតតំបន់ឧស្សាហកម្មថ្មីៗកាន់តែច្រើនកន្លែង។ ខ្ញុំយល់ឃើញថា វានឹងផ្ដល់ផលវិជ្ជមានដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អ៊ីស្យូពី»។
ក្រៅពីការផ្សារភ្ជាប់ប្រទេសទាំងពីរទៅ សេដ្ឋកិច្ចវិទូជាច្រើនក៏និយាយដែរថា គម្រោងផ្លូវរថភ្លើងនេះ គឺជាកម្លាំងជំរុញមួយដល់កំណើនសេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្វ្រិកទាំងមូលផងដែរ។
លោក ជេម វ៉ាកៀរហ្កា ទីប្រឹក្សាសេដ្ឋកិច្ច កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសអ៊ីស្យូពី «គោលគំនិតសំខាន់នៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ គឺចង់បង្កើតការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងអស់។ យើងក៏ចង់អោយមានការកសាងផ្លូវរថភ្លើង សម្រាប់តភ្ជាប់ប្រទេស កេនយ៉ា ជាមួយប្រទេស អ៊ីស្យូពី ដែរ ហើយក៏ធ្វើផ្លូវដែកមួយទៀត សម្រាប់តភ្ជាប់ជាមួយអេហ្ស៊ីប។ ពេលនោះ យើងនឹងមានផ្លូវដែកមួយដែលតភ្ជាប់ប្រទេសទាំងអស់ នៅទ្វីបអាហ្វ្រិកទាំងមូលតែម្ដង។ វានឹងជួយពន្លឿនដល់ការធ្វើសមាហរណកម្មនៃប្រទេសទាំងអស់នៅទ្វីបនេះតែម្ដង»។
ដោយមានប្រវែង៧៥២.៧គីឡូម៉ែត ផ្លូវដែកមួយខ្សែនេះ ចំណាយថវិកាអស់ជាង៤ពាន់លានដុល្លារអាមេរិក លើការសាងសង់។ ហើយកំណាត់ផ្លូវនៅអ៊ីស្យូពី ចំណាយប្រាក់អស់៣ពាន់៤រយលានដុល្លារអាមេរិក ដោយក្នុងនោះ ថវិកា៧០ភាគរយ គឺបានមកពីធនាគារអ៊ីចហ្ស៊ីមចិន (China Exim Bank) ហើយថវិកា៣០ភាគរយទៀតគឺបានមកពីរដ្ឋាភិបាលអ៊ីស្យូពី៕ (សារព័ត៌មាន CCTV របស់ចិន)