(យូអិន)៖ ចាប់ពីឆ្នាំ២០១៩ ចិននឹងវ៉ាដាច់ជប៉ុនក្លាយជាប្រទេស ដែលផ្តល់ចំណែកច្រើនជាងគេទីពីរ ទៅក្នុងកញ្ចប់ថវិកាទូទៅរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសេចក្តីសម្រេចមួយអនុម័តដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិ ការចូលរួមចំណែករបស់ចិនទៅក្នុងកញ្ចប់ថវិកា UN នឹងកើនពី៧.៩២ភាគរយសម្រាប់ឆ្នាំ២០១៦-២០១៨ ដល់១២.០១ភាគរយ ក្នុងរយៈពេល០៣ឆ្នាំខាងមុខ។ រីឯចំណែករបស់ជប៉ុននឹងធ្លាក់ចុះពី៩.៦៨ភាគរយមកនៅត្រឹម៨.៥៦ភាគរយវិញ។
ទន្ទឹមនឹងនេះចិននឹងបន្តជាប្រទេសចូលរួមចំណែកច្រើនជាងគេទីពីរ ទៅក្នុងកញ្ចប់ថវិកាសម្រាប់បេសកកម្មរក្សាសន្តិសុខរបស់ UN ដដែល សម្រាប់ឆ្នាំ២០១៩-២០២១ ប៉ុន្តែនឹងកើនពី១០.២៤ភាគរយទៅ១៥.២២ភាគរយ។
គួរជម្រាបថា ការវាយតម្លៃទៅលើការផ្តល់ចំណែកថវិកាសម្រាប់ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងដោយយោងទៅលើចំណុចនិងលក្ខណៈវិនិច្ឆ័យមួយចំនួន រួមមានទាំងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ដោយឡែក សហរដ្ឋអាមេរិក នឹងនៅតែជាប្រទេសចូលរួមចំណែកច្រើនគេបង្អស់ដដែល ទាំងក្នុងកញ្ចប់ថវិកាទូទៅនិងកញ្ចប់ថវិកាសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់ UN ក្នុងរយៈពេល០៣ឆ្នាំខាងមុខ៕