(វ៉ាស៊ីនតោន)៖ តុលាការមួយក្នុងទីក្រុងវ៉ាស៊ីនតោន បានបង្គាប់កូរ៉េខាងជើងសងប្រាក់ជំងឺចិត្ត៥០១លានដុល្លារ ជាការទទួលខុសត្រូវចំពោះការធ្វើទារុណកម្ម និងការស្លាប់របស់និស្សិតអាមេរិក Otto Warmbier ដែលបានស្លាប់កាលពីឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានទីក្រុងព្យុងយ៉ាងដោះលែងឱ្យមានសេរីភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ការសម្រេចចិត្តខាងលើរបស់តុលាការអាមេរិក ធ្វើឡើងតបទៅតាមពាក្យបណ្ដឹងរបស់គ្រួសារនិស្សិត Warmbier ប្រឆាំងនឹង កូរ៉េខាងជើងកាលពីខែមេសាកន្លងទៅ។ តុលាការអាមេរិក បានបញ្ជាក់បន្ថែមនៅក្នុងសាលក្រមរបស់ខ្លួន នៅថ្ងៃចន្ទសប្ដាហ៍នេះ ដូច្នេះថា៖ «សមាជិកគ្រួសារអាមេរិកម្នាក់ គឺ Warmbier បានទទួលរងទារុណកម្មយ៉ាងសាហាវព្រៃផ្សៃដោយផ្ទាល់ពីសំណាក់អាជ្ញាធរកូរ៉េខាងជើងដែលប្រើប្រាស់រូបគាត់ដូចជាឧបករណ៍ដើម្បីប្រឈមមុខជាមួយសហរដ្ឋអាមេរិក»។
គួររំលឹកថា និស្សិត Otto Warmbier មកពីសាកលវិទ្យាល័យ Virginia ត្រូវបានអាជ្ញាធរកូរ៉េខាងជើងផ្ដន្ទាទោសដាក់ពន្ធនាគារ១៥ ឆ្នាំ កាលពីខែមករា ឆ្នាំ២០១៦ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ប៉ុន្តែ និស្សិតវ័យ២២ឆ្នាំរូបនេះត្រូវបានដោះលែងឱ្យមានសេរីភាព ទៅកាន់សហរដ្ឋអាមេរិកវិញក្នុងស្ថានភាពសន្លប់ស្ដូកស្ដឹង ហើយបានស្លាប់នៅប៉ុន្មានសប្ដាហ៍ក្រោយមកទៀត៕