(ប៉េកាំង)៖ ចិនបានសម្រេចនាំចូលសណ្តែកសៀងរបស់ប្រេស៊ីល ដែលជាប្រទេសធំមួយប្រចាំទ្វីបអាមេរិកខាងត្បូង បន្ទាប់ពីខ្លួនបានបញ្ឈប់ការទិញផលិតផលនេះពីសហរដ្ឋអាមេរិក ដោយសារតែសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ជាទូទៅនាចុងឆ្នាំបែបនេះ ចិនតែងធ្វើការនាំចូលសណ្តែកសៀងភាគច្រើនពីសហរដ្ឋអាមេរិក ដែលត្រូវយកមកប្រើប្រាស់ជាចម្បង សម្រាប់ធ្វើជាចំណីដល់សត្វចិញ្ចឹម ហើយអាមេរិកគឺជាអ្នកផ្គត់ផ្គង់សណ្តែកសៀងធំទីពីររបស់ចិនពីមួយឆ្នាំទៅមួយ ខណៈភាពជាដៃគូនេះមានទំហំទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប៉ុន្តែកាលពីខែកក្កដា ទីក្រុងប៉េកាំងបានបង្កើនពន្ធក្នុងអត្រា ២៥ភាគរយ លើផលិតផលនាំចូលពីអាមេរិក ជាការឆ្លើយតបចំពោះការដំឡើងពន្ធរបស់អាមេរិកលើទំនិញចិន។ ចាប់ពីពេលនោះមក ការនាំចូលសណ្តែកសៀងអាមេរិកចូលមកកាន់ចិនក៏បានធ្លាក់ចុះ រហូតដល់ការបញ្ឈប់ទាំងស្រុងនៅខែវិច្ឆិកា។ ជំនួសមកវិញ ចិនបានទិញសណ្តែកសៀង ៥.០៧លានតោនពីប្រេស៊ីលកាលពីខែមុន ដែលជាការកើនឡើងដល់ទៅជាង ៨០ភាគរយធៀបនឹងឆ្នាំ២០១៧។
គួរជម្រាបថា ទោះជាបែបនេះក្តី ទីក្រុងប៉េកាំងក៏បានចាប់ផ្តើមទិញទំនិញមួយចំនួនពីអាមេរិកឡើងវិញផងដែរកាលពីដើមខែធ្នូនេះ បន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម៕