(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ព្រមបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសតួកគី នៅឆ្នាំ២០១៩ខាងមុខ ដើម្បីស្វែងរកកិច្ចសហការជាមួយតួកគី ក្នុងការដកកងទ័ពចេញពីស៊ីរីដោយរលូន។ នេះបើតាមអ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងអង់ការ៉ា លោក Ibrahim Kalin បានថ្លែងឱ្យដឹងទៀតថា លោក ត្រាំ បានទទួលយកការអញ្ជើញពីប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្តែលោកមិនបានបញ្ជាក់កាលបរិចេ្ឆទជាក់លាក់ នៃដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិករូបនេះនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមលោក Kalin ប្រតិភូយោធាអាមេរិកមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសតួកគីនៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាពីសម្របសម្រួលជុំវិញការដកទ័ពអាមេរិកចេញពីស៊ីរី។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះដដែលក៏បានសង្កត់ធ្ងន់ដែរថា តួកគីបានប្ដេជ្ញាចិត្តបន្តការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ក៏ដូចជារក្សាកងទ័ពនៅក្នុងខេត្ត Idlib សំដៅរក្សាស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់៕