(ហ្សាការតា)៖ ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ បានចាប់ផ្ដើមរត់គេចចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងភូមិ Sumber Jaya ទៅរកទីទួលមានសុវត្ថិភាពនៅថ្ងៃអង្គារនេះ ខណៈមានការព្រមានថារលកយក្សស៊ូណាមិថ្មីមួយទៀតអាចនឹងវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ ក្នុងសភាពភ័យស្លន់ស្លោ និងអ្នកខ្លះបី កូននៅនឹងដៃ បាននាំគ្នាចាកចេញពីផ្ទះសម្បែងក្នុងភូមិ Sumber Jaya នៃខេត្តជ្វា ដោយធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព ដ្បិតកម្ពស់ទឹកសមុទ្រតែបន្តហក់ឡើង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលបានវាយប្រហារលើតំបន់ឆ្នេរនៃច្រកសមុទ្រសាន់ដា (Sunda) ស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់៤២៩នាក់ហើយ ខណៈមនុស្សច្រើនជាង១,៤០០នាក់ផ្សេងទៀតរងរបួស៕